(កំពត)៖ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ តួនាទីដ៏សំខាន់នេះត្រូវបានបងប្អូនប្រជាពលរដ្ឋបានផ្តល់ជូនគណបក្ស និងថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ត្រឹមត្រូវនិងយុត្តិធម៌។

ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំផ្សព្វផ្សាយពីសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការតៀមលក្ខណៈសម្រាប់ ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាខាងមុខ។

ជុំវិញការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដានេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាពិតជាមានសារៈសំខាន់បំផុត និងបានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។

លោក នេត្រ​ ភក្ត្រា បានគូសបញ្ជាក់ថា ការគាំទ្ររបស់ប្រជាពលរដ្ឋ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅរាល់ការបោះឆ្នោតគឺកើតចេញពីអំពើល្អរបស់មន្ត្រីបក្សដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើប្រជា​ពលរដ្ឋគ្រប់ពេលវេលាដោយមិនខ្លាចនឿយហត់​របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានលះបង់អស់នូវកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ហា និងបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពី​ភ្នក់ភ្លើងសង្គ្រាម និងឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនៃរបបខ្មែរក្រហម បញ្ចប់សង្គ្រាម និងនាំយកសុខសន្តិភាពពេញលេញតាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលធ្វើឱ្យកម្ពុជាមានឱកាសពេញលេញក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំ​សមាជិកសមាជិកានៃក្រុមការងារចុះមូលដ្ឋានក្រុងបូកគោ បានប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីឆ្ពោះទៅរកភាពជ័យជម្នះក្នុងការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

លោកឧកញ៉ា មាស ធំ អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបូកគោ បានជំរុញ និងលើកទឹកចិត្តដល់សមាជិកសមាជិកាក្រុមការងារបំពេញការងារឱ្យកាន់តែខ្លាំងដោយលោកបានលើកឡើងថា កត្តាសុខ សន្តិភាពបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសអភិវឌ្ឍប្រទេស និងទាក់ទាញវិនិយោគទុន បង្កើតការងារ និងផ្តល់ចំណូលជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោទាំងអស់ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងបានអនុវត្តតាមសេចក្តីសម្រេចនានារបស់គណបក្សរហូតបានសម្រេច​ជោគជ័យលើការបោះឆ្នោតដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។

លោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងសប្បុរសជនដែលបានចូលរួមចំណែកជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕