(កំពង់ធំ)៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំពិភាក្សាការងាររៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ និងចុះពិនិត្យទីតាំងវេទិកា។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការរងកងអង្គរក្ស អភិបាលខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំអង្គភាព មន្ទីរជំនាញជាច្រើនរូបផងដែរ។

គួរជម្រាបថា ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ពិធីបុណ្យទន្លេឆ្នាំនេះនឹងផ្តល់ជូនសកម្មភាពសំខាន់ៗ ដូចជា ការសម្ដែងទស្សនីយភាពសិល្បៈ របាំជនជាតិភាគតិចកួយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្ល។ មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក រួមទាំងមានសកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការនីជាតិនិងអន្តរជាតិ។

លោក ថោង ខុន បានបន្តថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

លោកបានរំលឹកថា នៅកម្ពុជាមានខេត្តជាច្រើនដែលមានទីក្រុងជាប់ដងទន្លេ និងសម្បូរដោយសក្តានុពលទេសចរណ៍វប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ដែលគ្រប់គ្រងដោយប្រជាសហគមន៍ ដោយលោកចង់រំលេចឱ្យឃើញពីវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធម្មជាតិ ការរស់នៅរបស់ប្រជាជន និងអប់រំដល់ប្រតិបត្តិការទេសចរណ៍ ភ្ញៀវទេសចរ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សឱ្យយលដឹងពីចំណុចទាំងអស់នេះ៕