(សៀមរាប)៖ យុវជន យុវតី ចំនួន៤៤នាក់ មានកម្ពុជា ឡាវ ថៃ ជប៉ុន និងអ៊ីតាលី និងមកពីសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានមកទទួលចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលកម្រិតតំបន់ និងអន្តរជាតិ ស្ដីពី យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន (YABC) ចំនួន៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប ក្រោមការបណ្ដុះបណ្ដាលពីលោកវាគ្មិនជាខ្មែរ និងបរទេសសរុប ៨នាក់។

លោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានមានប្រសាសន៍នៅក្នុងពិធីបើកនេះថា ដោយអនុវត្តតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន យុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប បានចូលរួមក្នុងសកម្មភាពស្របតាមវិស័យអទិភាពទាំង៤ មាន៖ ការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, សុខភាព និងការថែទាំសុខភាពសហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនាកាកបាទក្រហម និងការអភិវឌ្ឍស្ថាប័ន ។

បើតាមប្រសាសន៍របស់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានថ្លែងឱ្យដឹងថា នេះជាវគ្គបណ្ដុះបណ្ដាលកម្រិតតំបន់ និងអន្តរជាតិដោយផ្ទាល់ (ToPE/ Training of Peer Education) ស្ដីពី យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន (YABC/ Youth as Agents of Behavioral Change) ផ្ដោតលើ មិត្តអប់រំមិត្ត ។

លោកបានគូសបញ្ជាក់ថា៖ យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ គឺជាគំនិតផ្ដួចផ្ដើមដ៏សំខាន់របស់សហព័ន្ធអន្តរជាតិក្រហម និងអឌ្ឍចន្ទក្រហម ផ្ដោតលើការលើកកម្ពស់វប្បធម៌អហិង្សា និងសន្តិភាព តាមរយៈវគ្គនេះ យុវជនត្រូវបានផ្ដល់សិទ្ធិអំណាចឲ្យក្លាយជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងជាគំរូដែលទទួលបាននូវការគោរព, ពិពិធភាព, សមភាពយេនឌ័រ, ការសន្ទនាអន្តរវប្បធម៌ និងបរិយាបន្នសង្គម។

លោកបានបន្ថែមថា ការលើកកម្ពស់វប្បធម៌អហិង្សា និងសន្តិភាព មិនមែនជាគោលដៅចុងក្រោយនោះទេ តែជាដំណើរការបន្តរហូត, គឺជាការបង្កើតបរិយាកាសដែលអាចអនុញ្ញាតឲ្យមានការសន្ទនា ក្នុងន័យស្ថាបនា និងការស្វែងរកដំណោះស្រាយ ចំពោះបញ្ហា និងភាពតាងតឹង ដោយមិនភ័យខ្លាចអំពើហិង្សា តាមរយៈដំណើរការដែលមនុស្សគ្រប់គ្នាត្រូវបានឲ្យតម្លៃ និងអាចចូលរួមបាន ។

នៅក្នុងន័យនេះ ការលើកកម្ពស់វប្បធម៌អហិង្សា និងសន្តិភាព គឺការកសាងនូវគុណតម្លៃរបស់មនុស្ស ដូចជាការគោរព ចំពោះ ពិពិធភាព ភាពស្មើគ្នា ការយោគយល់គ្នាទៅវិញទៅមក សាមគ្គីភាព ការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការ សុចរិតភាព និងបរិយាបន្ន ។

លោកបានបន្តទៀតថា ការផ្លាស់ប្ដូរវប្បធម៌នៃអំពើហិង្សាទៅជាសន្តិភាពមួយ ទាមទារឲ្យមានការផ្លាស់ប្ដូរចិត្តគំនិត និងឥរិយាបថជាសាកល ពីវិធីដែលយើងគិត និងអន្តរកម្មនាពេលបច្ចប្បន្ននេះ ពោល ពីការជាប់គាំងដោយសារភាពខុសគ្នា ទៅជាការឲ្យតម្លៃនូវពិពិធភាព និងពហុនិយម, ពីប្រតិកម្មអវិជ្ជមាន ទៅជាការឆ្លើយតបរួមគ្នា និងការទប់ស្កាត់ប្រកបដោយបុរេសកម្ម, ពីអបរិយាបន្នដោយផ្អែកលើការភ័យខ្លាច ទៅជាការផ្សាភ្ជាប់ទំនាក់ទំនងដោយផ្អែកលើស្មារតីមនុស្សជាតិទូទៅរបស់យើង, ពីការប្រើហិង្សា ដោយពាក្យសម្ដី ឬផ្លូវកាយ នៅពេលដែលមានអារម្មណ៍ថាមានការគំរាមកំហែង ទៅជាការសន្ទនាក្នុងន័យស្ថាបនា និងជំនឿទុកចិត្ត ព្រោះ «យុវជន ជាប្រភពនៃការផ្លាស់ប្ដូរដ៏មានឥទ្ធិពល» ផងដែរ៕