(កណ្ដាល)៖ លោក តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចែករំលែកថវិកាផ្ទាល់ខ្លួនប្រមាណ ៦លានរៀល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នករស់នៅជាមួយនឹងជំងឺអេដស៍ និងមេរោគអេដស៍ចំនួន ៣៩១នាក់ ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង និងស្រុកអង្គស្នូល ខណៈដែលពិធីនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រ រស់នៅជាមួយមេរោគអេដស៍នេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តអង្គពពាយមានជ័យ ក្នុងឃុំក្រាំងម្កាក់ ស្រុកអង្ឋអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋក្រីក្រ រស់នៅជាមួយមេរោគអេដស៍ មកពីស្រុកកណ្តាលស្ទឹងចំនួន ១៧៣នាក់ ,ស្រុកអង្គស្នួល ២១៨ នាក់ សរុបរួមចំនួន៣៩១ នាក់ ដោយនៅក្នុងនោះ ក៏មានការចូលរួមពីសំណាក់មន្រ្តីថ្នាក់ខេត្ត ស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ថ្លែ​ងសំណេះសំណាល ក្នុងពិធីនាំយកអំណោយមនុស្សធម៌នោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករឭក។ សម្ដេចតែងគិតគូជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកអភិបាលខេត្តបានបន្ថែមថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី សម្តេចទាំងពីរបានខិតខំទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះពាល់ពីមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងស្ត្រីមានផ្ទៃពោះ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គមឲ្យកាន់តែទូលំទូលាយថែមទៀត។

ដោយឡែកលោក តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានថ្លែងឲ្យដឹងថា ដោយលោកបានមើលឃើញ ពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចទាំងពីរបានខិតខំទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ផងនោះ ទើបលោកបានសម្រេចចិត្ត និងពេញចិត្តក្នុងការបរិច្ចាគថវិកាដោយឥតងាករេ និងប្រកបដោយភាពសប្បាយរីករាយ​ ជួយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នោះ។

លោកបន្តថា រាល់សកម្មភាពមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា លោកពេញចិត្តនឹងជួយឧបត្ថម្ភ រហូតដល់ជីវិតចុងក្រោយរបស់លោក ក្នុងនោះមិនសំខាន់តែប្រជាពលរដ្ឋ រស់នៅជាមួយមេរោគអេដស៍នេះ​ទេ ទោះបីប្រជាពលរដ្ឋជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗទៀត ឬក៏ជនពិការជាដើមក្ដី ក៏លោកស្ម័គ្រចិត្តជួយដោយក្ដីរីករាយ និងប្រកបដោយការគោរពអាណិតស្រឡាញ់ ដល់ពួកគាត់ផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានចែកជូនប្រជាពលរដ្ឋក្រីក្រ រស់នៅជាមួយមេរោគអេដស៍នៅថ្ងៃនេះ គឺក្នុង១ម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ម៉ាស ១កញ្ចប់, អាវរងា ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល៕