(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តុលាការ​កំពូល បានបើកសវនាការជំនុំជម្រះលើបណ្តឹងសារទុក្ខ​របស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងសំណុំរឿង​បរិហាកេរ្តិ៍ ដែលប្តឹង​ដោយ​គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប)។

សវនាការនាព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីលោក គី តិច មេធាវីគណបក្សប្រជាជនកម្ពុជា និងមានមេធាវីរបស់គ.ជ.ប ព្រមទាំងមានវត្តមានលោក សុន​ ឆ័យ អមដោយមេធាវីការពារ ២រូប និងព្រមទាំងមានសមាជិកគណបក្សភ្លើងទៀនមួយចំនួនទៀត។

លោកមេធាវី គី តិច បានឱ្យដឹងថា សវនាការ បានដំណើរការពេញមួយ​ព្រឹក។ បន្ទាប់ពីដំណើរការសវនាការអស់មួយព្រឹកនេះ លោកជីវ កេងប្រធានក្រុមប្រឹក្សាជំនុំ​ជម្រះ ក៏បានប្រកាសថា សាលដីកា លើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ នឹងប្រកាសនៅវេលាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ស្វែងរកយុត្តិធម៌ បន្ទាប់ពីលោក សុន ឆ័យ ប្រើវោហាស័ព្ទវាយប្រហារលើ​គណបក្ស​ប្រជាជនកម្ពុជា និង គ.ជ.ប លើការបោះឆ្នោតជ្រើស​រើសក្រុម​ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ កន្លងទៅ ថាមានការទិញ និងលួចបន្លំសន្លឹកឆ្នោត។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង ២សំណុំរឿង។ ក្នុងនោះសំណុំរឿងប្តឹងដោយ គ.ជ.ប ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស​លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩លានរៀល។

ដោយឡែកសំណុំរឿងប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល​ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀលផងដែរ។

ដោយមិនសុខចិត្តនឹងការសម្រេចនេះ លោក សុន ឆ័យ បានប្តឹងទៅកាន់សាលាឧទ្ទរណ៍។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៏ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ «ទុកជាបានការ» ប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណងជំងឺចិត្តកាន់តែច្រើនជាងមុន។

មិនសុខចិត្តនឹងការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍ ទើបលោក សុន ឆ័យ ប្តឹងបន្តទៅកាន់តុលាការកំពូល ហើយត្រូវបានបើកសវនាការជំនុំជម្រះនាព្រឹកថ្ងៃនេះ៕