(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងវិស័យរក្សាសន្តិភាព ជាមួយកម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣។

ការប្តេជ្ញាបែបនេះ របស់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូកងស្វ័យការពារជើងគោកជប៉ុន ០៦រូប អញ្ជើញទស្សនកិច្ចនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ (PKO)។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលស្វាគមន៍ លោក YOSHIDA YOSHIHDE និងគណៈប្រតិភូទាំងអស់ យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចមកកាន់កម្ពុជានេះ។

ដ្បិតជប៉ុនជាមិត្តជិតស្និទ្ធកម្ពុជាជាយូរមកហើយ, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យទំនាក់ទំនង កម្ពុជា-ជប៉ុន កាន់តែរឹងមាំ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។

នៅចំពោះមុខមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា កងកម្លាំងមួកខៀវកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រីង និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតដូចជា ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស ការចែករំលែកបទពិសោធ និងលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាព។

នាយឧត្តមសេនីយ៍ YOSHIDA YOSHIHDE បានបង្ហាញភាពរីករាយចំពោះការស្វាគមនយ៉ាងកក់ក្តៅរបស់កម្ពុជា និងបានអញ្ជើញគោរពវិញ្ញាក្ខន្ធកងកម្លាំងដែលបានពលីក្នុងបេសកកម្មរក្សាសន្តិភាព។

តាមរយៈដំណើរទស្សនកិច្ចនេះ, នាយឧត្តមសេនីយ៍ YOSHIDA YOSHIHDE បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងកងទ័ពទាំងពីរ៕