(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី កម្មសិទ្ធិបញ្ញាសម្រាប់ត្រៀមរៀបចំប្រឡង និងការប្រឡងជ្រើសរើស ធ្វើជាភ្នាក់ងារតំណាងស្របច្បាប់ នៃម្ចាស់ម៉ាក ក្នុងប្រទេសកម្ពុជា ជំនាន់ទី៦ ក្រោមអធិបតីភាព លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

លោក អ៊ុក ប្រជា បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ សបញ្ជាក់ឲ្យឃើញអំពីសន្ទុះរីកចម្រើន ក្នុងផ្នែកកម្មសិទ្ធិបញ្ញា ដែលក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកព្រមទាំងឆ្លុះបញ្ចាំងឲ្យឃើញ ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការធ្វើឲ្យប្រសើរឡើង នូវកិច្ចការពារកម្មសិទ្ធិបញ្ញា ការសម្របសម្រួលដោះស្រាយវិវាទ។

លើសពីនោះទៀត ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងងាយស្រួល។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក អ៊ុក ប្រជា។

លោក អ៊ុក ប្រជា រំពឹងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែក យ៉ាងមានប្រសិទ្ធភាព ក្នុងការបង្កើនចំណេះដឹងដល់សិក្ខាកាម អំពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា និងចូលរួមអនុវត្តច្បាប់បទប្បញ្ញត្តិ ដែលមានជាធរមានប្រកបដោយប្រសិទ្ធិភាពខ្ពស់។

បន្ថែមពីនោះទៀត មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម រូបនេះ ជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងអាចផ្តល់ជាចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ប្រកបដោយផ្លែផ្កា ជូនដល់អស់លោកលោកស្រីដែលជាសិក្ខាកាម។

ឆ្លៀតក្នុងឱកាសនេះ លោក អ៊ុក ប្រជា ក៏បានសម្ដែងនូវការកោតសរសើរ ដល់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលខិតខំបន្ដបេសកម្មបណ្ដុះបណ្ដាលធនធានមនុស្ស នៅក្នុងវិស័យកម្មសិទ្ធិបញ្ញា ស្របតាមទិសដៅ របស់ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឲ្យការយល់ដឹងអំពីកម្មសិទ្ធបញ្ញាកាន់តែទូលំទូលាយ និងជំរុញការចូលរួម ក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរឡើង។

សូមជម្រាបថា កម្ពុជា បានអនុវត្ដច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា រួមមាន៖ ច្បាស់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ នៅឆ្នាំ២០០២, ច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៅឆ្នាំ២០០៣ និងច្បាប់ស្ដីពី ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូ ដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ២០០៣៕