(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់ លោក Jyri Järvaiaho នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រីអគ្គលេខាធិការ បាននាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោកឯកអគ្គរដ្ឋទូតហ្វាំងឡង់ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ជាពិសេសបានឆ្លៀតឱកាសមកដល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានាពេលនេះ។

លោកស្រីអគ្គលេខាធិការ បានបន្តថា «កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមហ្វាំងឡង់ ជាដៃគូសហប្រតិបត្ដិការយ៉ាងល្អ តាំងពីទសវត្សរ៍៩០ ដែលមានឧបត្ថម្ភគាំទ្រក្នុងកម្មវិធីជាច្រើន។ នៅឆ្នាំ២០២២នេះ កាកបាទក្រហមហ្វាំងឡង់ ក៏បានជ្រើសរើសកាកបាទក្រហមកម្ពុជា ក្នុងចំណោមកាកបាទក្រហមក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងកិច្ចសហប្រតិបត្ដិការដែលមានរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២២-២០២៣ លើកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC)»

ក្នុងឱកាសនោះឯកអគ្គរដ្ឋទូតហ្វាំងឡង់ លោក Jyri Järvaiaho បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ជាដែលសមាគមជាតិមួយឈាមុខគេក្នុងវិស័យមនុស្សធម៌ និងមានកេរ្តិ៍ឈ្មោះនៅឆាកអន្តរជាតិ។

លោកបានគូសបញ្ជាក់ថា លោកនឹងមកកម្ពុជាម្តងទៀតនាពេលអនាគត ដើម្បីជួយជំរុញការងារ (កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន) ផ្តល់បទពិសោធន៍ ឲ្យកាន់តែមានប្រសិទ្ធភាព៕