(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនី។

ជាមួយគ្នានេះដែរ លោក យឹម វិសិដ្ឋ បានបញ្ជាក់ថា សម្រាប់ភូមិដែលនៅជាង៨០ភូមិ ដែលមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថានឹងតខ្សែបណ្តាញអគ្គិសនីទៅដល់នៅនៅឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ដោយសារតែភូមិទាំងនោះនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬខ្លះភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។

ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសលោកផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នាពិធីបើកមហាសន្និបាតបូកសរុបការបញ្ចប់ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មកដល់ចុងឆ្នាំ២០២២ ការផ្គត់ផ្គង់អគ្គិសនី គិតជាភាគរយនៃភូមិ គឺយើងបានផ្គត់ផ្គង់បានជាង៩៨ភាគរយ បានសាង់សងខ្សែបណ្តាញរួច ហើយនៅសល់ជាង១ភាគរយ គិតជាភូមិ ២៤៥ភូមិ ពុំទាន់មានខ្សែបណ្តាញទៅដល់បើធៀបទៅនឹងភូមិទូទាំងប្រទេស តាមផែនការរបស់យើងនៅឆ្នាំ២០២៣នេះ ឬក៏ដើមឆ្នាំ២០២៤ យើងអាចតភ្ជាប់បានជាង១០០ភូមិទៀត អ៊ឹចឹងវាអាចនៅសល់ជាង ៨០ភូមិជាង»។

ប្រធានអាជ្ញាធរអគ្គិសនីរូបនេះ បានឱ្យដឹងថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិដែលនៅសេសល់ជាង៨០ភូមិនេះ នឹងបង្កើតឱ្យមានការផ្គត់ផ្គង់ជាប្រព័ន្ធទោល ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ ខណៈក្រសួងរ៉ែ និងថាមពល បានកំពុងស្វះស្វែងរកប្រភពជំនួយនានា ដើម្បីយកមកផ្គត់ផ្គង់អគ្គិសនីនៅតាមភូមិទាំងនេះ។

«ធម្មតាយើងលើកផែនការ តែជាក់ស្តែងពេលនេះយើងដឹងយើងថា ៩៨ភាគរយជាងមានអគ្គិសនីប្រើប្រាស់ នេះជាជោគជ័យមួយធំណាស់»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក យឹម វិសិដ្ឋ។

ពាក់ព័ន្ធចំណុចនេះ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់អគ្គិសនីកម្ពុជា និងសេវាករឯកជន ប្រញាប់ប្រញាល់ពិនិត្យលទ្ធភាពពង្រីកបណ្តាញផ្គក់ផ្គង់អគ្គិសនីនៅភូមិទាំង១៥៧ ឱ្យបានឆាប់ដែលអាចធ្វើទៅបាន ចំពោះភូមិដែលការពង្រីកបណ្តាញជាតិពុំទាន់អាចទៅដល់ក្នុងរយៈពេលឆាប់ និងភូមិដែលនៅសេសសល់ចំនួន៨៨ភូមិទៀត ក្រសួង អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងតែរួមគ្នាពិនិត្យលទ្ធភាពរកការផ្តល់ជំនួយពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ពីការវិនិយោគរបស់ក្រុមហ៊ុនឯកជននានា ដើម្បីធ្វើការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទោលប្រើប្រាស់ពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់អគ្គិសនីឱ្យភូមិទាំងនោះជាបណ្តោះអាសន្នសិន។

បើយោងតាមស្ថានភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងកម្ពុជាសម្រាប់ឆ្នាំ២០២២ បានបញ្ជាក់ថា គិតមកដល់ចុងឆ្នាំ២០២២ ព្រំដែននៃអាជ្ញាបណ្ណដែលផ្តល់ឲ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយធ្វើការវិនិយោគ និងអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងឯកជន មានចំនួន ១៤,១៥១ភូមិ ស្មើនឹង ៩៩.៨៨% នៃចំនួនភូមិសរុបទូទាំងប្រទេស។

របាយការណ៍ដដែល បានឱ្យដឹងថា នៅក្នុងចំណោមភូមិដែលផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណទាំង ១៤,១៥១ភូមិនេះ មានចំនួន ១៣,៩២៣ភូមិ ស្មើនឹង ៩៨.២៧% បានសាងសង់ខ្សែបណ្តាញរួច ហើយមានចំនួន ២៤៥ភូមិ ស្មើនឹង ១.៧៣% ពុំទាន់មាន ខ្សែបណ្តាញទៅដល់ ធៀបទៅនឹងភូមិសរុបទូទាំងប្រទេស។

សម្រាប់ភូមិដែលបានសាងសង់ខ្សែបណ្តាញរួចទាំង ១៣,៩២៣ភូមិ មានចំនួន ១៣,៨១០ភូមិ ទទួលប្រភពផ្គត់ផ្គង់ពីប្រព័ន្ធបណ្តាញជាតិ មានចំនួន ១១១ភូមិ ទទួលប្រភពពីប្រទេសជិតខាង និងមានចំនួន ២ភូមិ ទទួលប្រភពពីម៉ាស៊ីនដ្រូសែលតូចៗ។ ដោយឡែកចំពោះភូមិចំនួន២៤៥ ដែលពុំទាន់មានខ្សែបណ្តាញអគ្គិសនីទៅដល់ភាគច្រើនឋិតនៅតំបន់កោះ តំបន់លិចទឹកនៅរដូវវស្សា តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់បណ្តែតទឹក និងតំបន់ឆ្ងាយដាច់ស្រយាលដែលមានប្រជាជនរស់នៅរាយប៉ាយ៕