(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការគាំទ្រឱ្យមានការប្រើប្រាសរថយន្តអគ្គិសនីនៅកម្ពុជាឱ្យបានច្រើន និងណែនាំឱ្យក្រសួងសាធារណការ នឹងដឹកជញ្ជូន បន្តបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍លើការវិនិយោគលើការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនី។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានមាលើកឡើងដូចនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និង ដឹកជញ្ជូន ឆ្នាំ ២០២២ និង ទិសដៅការងារ ឆ្នាំ ២០២៣ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រួមទាំងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន, លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូចនេះថា «ខ្ញុំសូមជំរុញការរៀបចំនិងអនុម័តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់យានយន្តអគ្គិសនី (EV) តាមរយៈការបន្តបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាពិសេសការវិនិយោគលើការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនី សំដៅចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនក្នុងធម្មជាតិនៅកម្ពុជា»

បន្ថែមពីលោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ចំពោះលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លុះបញ្ជាំងអំពីពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពប៉ិនប្រសប់ និងភាពបុរេសកម្មរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីនៅក្នុងឆ្នាំ២០២២កន្លងទៅ ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បាននាំមកនូវសមិទ្ធផលនិងស្នាដៃជាច្រើន ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរយៈពេលមធ្យម និងវែងរបស់កម្ពុជា។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានបង្ហាញពីមោទកភាពចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ៕