(ភ្នំពេញ)៖ ដោយមិនអស់ចិត្តពាក់ព័ន្ធនឹងរឿងស្តង់ដារពីរ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅយប់រំលេងអាធ្រាតចូលថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញសំណេរដ៏ពិសេសមួយ ដោយលើកអំពីករណីស្តង់ដារពីររបស់អង្គការក្រៅរាជរដ្ឋាភិបាលជាង៤០នៅកម្ពុជា ដែលទាមទារឲ្យលោក ផែង វណ្ណៈ ថ្កោលទោស ដោយសារនិយាយអាក្រក់ពីស្រ្តីម្នាក់អានព័ត៌មានរបស់វិទ្យុវីអូឌី។

សំណររបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖

យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយតែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។ ផែង វណ្ណៈ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៉ីលុយបរទេសទាមទារឲ្យថ្កោលទោស ដោយសារបាននិយាយ អាក្រក់ពីស្ត្រីដែលនិយាយព័ត៌មាន រហូតដល់វិទ្យុវីអូឌីស្លាប់ ដែលគ្មានពេលចាប់ជាតិ។ (ខ្ញុំមិនកាន់ជើង ផែង វណ្ណៈ ទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។

ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេតែគេ ថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះ ប្អូនស្រីម្តាយជីដូនម្តាយមីងដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។ តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះ ឬទេ? បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។

សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាលតទៅទៀត៕
ម៉ោង1.49នាទី ថ្ងៃ១៧ កុម្ភៈ ២០២៣