(ទីក្រុងរ៉ូម)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសប្រចាំមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានគូសបញ្ជាក់ ពីការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៤៦ ប្រចាំឆ្នាំ២០២៣ របស់ IFAD ពាក់ព័ន្ធនឹងការបង្កើន វិភាគទានរបស់កម្ពុជាថា កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ ហើយបើទោះបីជាកម្ពុជា នៅមានការខ្វះខាត និងកំពុងប្រឈមនឹងភាពលំបាក ដូចប្រទេសដទៃក៏ដោយ ប៉ុន្តែកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមគាំទ្រ កិច្ចខិតខំប្រឹងប្រែងជាសាកល ក្នុងការធានាសន្តិសុខស្បៀង, ការលើកកម្ពស់ជីវភាព និង ភាពធន់របស់កសិករខ្នាតតូច និងប្រជាជនរស់នៅតាមជនបទ។

លោក វង្សី វិស្សុត បានលើកឡើងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៤៦ ប្រចាំឆ្នាំ២០២៣ របស់ IFAD នៅក្នុងឱកាសលោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំកាលពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។

កិច្ចប្រជុំប្រចាំឆ្នាំរបស់ IFAD ឆ្នាំ២០២៣នេះ បានធ្វើឡើងក្រោមប្រធានបទ «ការពន្លឿនសកម្មភាព សម្រាប់សន្តិសុខស្បៀង» ជុំវិញប្រធានបទនេះ អង្គប្រជុំបានពិភាក្សា អំពីបរិការណ៍នៃសេដ្ឋកិច្ចសាកលបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩, ហានិភ័យនៃកង្វះសន្តិសុខស្បៀង, ការជំរុញច្ចអន្តរាគមន៍ និងការវិនិយោគលើការលើកកម្ពស់ប្រព័ន្ធសន្តិសុខស្បៀង ។ លើសពីនេះ អង្គប្រជុំក៏បានពិភាក្សាលើការដោះស្រាយអំពីបញ្ហាការ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ (Climate Change Adaptation), និងការសម្រាលផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ (Climate Change Mitigation) ព្រមទាំងការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Climate Resilience) ។

លោករដ្ឋមន្រ្តីប្រតិភូ ក៏បានគូសបញ្ជាក់ពីជំហរគាំទ្ររបស់កម្ពុជា ចំពោះប្រសិទ្ធភាពនៃហិរញ្ញប្បទានសហប្រតិបត្តិការកន្លងមករបស់ IFAD និងបានថ្លែងគាំទ្រ ចំពោះប្រធានបទនៃកិច្ចប្រជុំពេញអង្គនេះ “ការពន្លឿនសកម្មភាព សម្រាប់សន្តិសុខស្បៀង” ដែលបានធ្វើឡើង ស្របពេលពិភពលោកទាំងមូល កំពុងមានតម្រូវការវិនិយោគបន្ទាន់ ដើម្បីធានាសន្តិសុខស្បៀង ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះលោក វង្សី វិស្សុត ក៏បានប្រកាសជូនអង្គប្រជុំអំពីការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការបង្កើនការបង់ទឹកប្រាក់វិភាគទានពី ៦០០ ០០០ដុល្លារអាមេរិក ទៅ ១ លានដុល្លារអាមេរិក ក្នុងការបំពេញឡើងវិញប្រភពធនធានហិរញ្ញប្បទានលើកទី១៣ របស់ IFAD (13th Replenishment of IFAD Resources) ដែលត្រូវធ្វើឡើងរៀងរាល់ ៣ឆ្នាំម្តង ។ ការសម្រេចបង្កើនវិភាគទានរបស់កម្ពុជាដោយសម្តេចតេជោ ហ៊ុន សែន បានបង្ហាញទៅពិភពលោកថា កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ ហើយបើទោះបីជាកម្ពុជានៅមានការខ្វះខាត និងកំពុងប្រឈមនឹងភាពលំបាក ដូចប្រទេសដទៃក៏ដោយ ប៉ុន្តែកម្ពុជាមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការចូលរួមគាំទ្រ កិច្ចខិតខំប្រឹងប្រែងជាសាកល ក្នុងការធានាសន្តិសុខស្បៀង, ការលើកកម្ពស់ ជីវភាព និងភាពធន់របស់កសិករខ្នាតតូច និងប្រជាជនរស់នៅតាមជនបទ ។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរអំពីភាពជោគជ័យ របស់រដ្ឋាភិបាលការដោះស្រាយជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានាជាបន្តបន្ទាប់ ពិសេសការគាំទ្រ និងការធ្វើឱ្យអាជីវកម្មរស់ឡើងវិញ និងជំនួយសង្គមផ្សេងៗ ដូចជាកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះជាដើម។ ប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា វិលត្រឡប់មកលើគន្លងនៃកំណើនខ្ពស់ឡើងវិញ ហើយកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានប៉ាន់ប្រមាណក្នុងអត្រា ៥,២% នៅឆ្នាំ២០២២ ហើយត្រូវបានព្យាករណ៍ក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣ ខណៈដែលអតិផរណាមានអត្រា ៥,៣% ហើយរំពឹងថានឹងមានអត្រា ៣,២%  រៀងគ្នា។

ដោយឡែកនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អាល់វ៉ារូ ឡារីអូ (Alvaro Lario) ប្រធាន IFAD លោក វង្សី វិស្សុត បានលើកឡើង និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងកម្ពុជា និង IFAD នាពេលកន្លងមក ហើយលោករដ្ឋមន្រ្តីប្រតិភូ ក៏បានលើកឡើងអំពីទិសដៅជាយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការវាងកម្ពុជា និង IFAD ដើម្បីតម្រង់ទិសនៃប្រតិបត្តិការរបស់ IFAD ឱ្យឆ្លើយតបតាមតម្រូវការអាទិភាពជាយុទ្ធសាស្រ្ត ក្នុងដំណាក់កាលអភិវឌ្ឍថ្មីរបស់កម្ពុជា បន្ទាប់ពីបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងគោលដៅនៃការអភិវឌ្ឍឈានឡើងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ ។

តាមរយៈជំនួបនេះដែរលោករដ្ឋមន្រ្តីប្រតិភូ ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់នៃវិស័យកសិកម្មក្នុងសេដ្ឋកិច្ចកម្ពុជា ពិសេសការរក្សាបាននូវលំនឹង ជីវភាពប្រជាជនក្រីក្រ និងអ្នកមានចំណូលទាប ក៏ដូចជាសេដ្ឋកិច្ចទាំងមូលនៅក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ។ ដូចនេះកម្ពុជាមានភាពចាំបាច់ណាស់ក្នុងការបន្តពង្រឹង ការអភិវឌ្ឍវិស័យកសិកម្មឱ្យមានសន្ទុះខ្លាំងក្លា ហើយលោករដ្ឋមន្រ្តីប្រតិភូ បានស្នើដល់ IFAD ការបង្កើនការផ្តល់ហិរញ្ញប្បទានសម្បទានដល់កម្ពុជា ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហការប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង IFAD ក៏ដូចជាដើម្បីគាំទ្រដល់វិស័យកសិកម្ម, សន្តិសុខស្បៀង និងប្រព័ន្ធម្ហូបអាហារ ដែលជាដង្ហើមរស់របស់ សេដ្ឋកិច្ចកម្ពុជា ។

ជាការឆ្លើយតបលោក អាល់វ៉ារូ ឡារីអូ (Alvaro Lario) ប្រធាន IFAD បានថ្លែងគាំទ្រពេញទំហឹង ចំពោះទិសដៅជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IFAD ផងដែរ៕