(ភ្នំពេញ)៖ លោកបណ្ឌិត វិចាវ៉ាត់ អ៉ីសារ៉ាផាកឌី អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ អមដំណើរដោយលោក ឆឺតគាត អាដ្ឋករ ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូថៃ អញ្ជើញទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ នាវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងគោលបំណងសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសប្រវត្តិសាស្ត្រខ្មែរក្រហម ដែលជាកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងពិភាក្សាដោះដូរយោបល់ផ្នែកវប្បធម៌រវាងកម្ពុជានិងថៃ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលគារវកិច្ចស្វាគមន៍ភ្ញៀវកិត្តិយសយ៉ាងកក់ក្តៅ។

លោក ឆាំង យុ បានបង្ហាញដល់ប្រតិភូនូវបរិក្ខារ និងពិពណ៌នារៀបរាប់យ៉ាងលម្អិតអំពីកិច្ចការងារស្នូលរបស់បណ្ណាល័យសម្តេចម៉ែ, មជ្ឈមណ្ឌលឯកសារកម្ពុជា និងសាខានៅតាមបណ្តាខេត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចូលរួមចំណែកនិងបម្រើដល់ ការសិក្សាអប់រំ, ការចងចាំ, យុត្តិធម៌ និងការផ្សះផ្សានៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីចាប់បដិសន្ធិឡើងនៅក្នុងឆ្នាំ១៩៩៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបំពេញភារកិច្ចយ៉ាងមោះមុតក្នុងការប្រមែប្រមូលចងក្រងឯកសារស្តីពីរបបខ្មែរក្រហម ដើម្បីតម្កល់ការចងចាំជារួមសម្រាប់កម្ពុជា ហើយតាមរយៈការងារនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ជាឯកសាររាប់លានសន្លឹកដល់សាលាក្តីខ្មែរក្រហម។ គួររំឭកថា ព្រះរាជាណាចក្រថៃ ក៏បានគាំទ្រដល់ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម តាមរយៈការផ្តល់ជំនួយសប្បុរសដល់សាលាក្តីខ្មែរក្រហម។

ស្របគ្នានេះដែរ ភាគីថៃ គឺលោកស្រី នូសារ៉ា ថៃថាវ៉ាត់ អ្នកយកព័ត៌មាននៅការសែតបាងកកប៉ុស្តិ៍ ធ្លាប់បានចូលរួមចំណែកជាមួយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងការបង្កើតជាសៀវភៅមួយមានឈ្មោះថា «ផ្ទះបាយខ្មែរ» ឬ «The Cuisine of Cambodia» ដែលគឺជាសៀវភៅគ្រឿងផ្សំម្ហូបដំបូងបំផុតសម្រាប់មុខម្ហូបខ្មែរ ក្រោយពីរបបខ្មែរក្រហមបានដួលរលំទៅនៅឆ្នាំ១៩៧៩។ សៀវភៅនេះ បានស្តារឡើងវិញនូវការចងចាំដ៏ស្រស់ត្រកាលអំពីមុខម្ហូបខ្មែរ ដែលប្រជាជនខ្មែរបានបរិភោគក្នុងយុគសម័យរុងរឿង នៅមុនពេលធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម។

អមមកជាមួយនឹងអារម្ភកថាដែលជាព្រះរាជចំណារដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ សៀវភៅមុខម្ហូបដែលជាស្នាដៃរួមគ្នារវាងអ្នកសិក្សាស្រាវជ្រាវជនជាតិខ្មែរនិងជនជាតិថៃនេះ បានបណ្តុះនូវស្មារតីយោគយល់និងរឹតចំណងមិត្តភាពរវាងកម្ពុជានិងថៃមួយកម្រិតទៀត។

ក្នុងឱកាសទស្សនកិច្ចនេះ លោក ឆាំង យុ បានបង្ហាញសៀវភៅមុខម្ហូបខាងលើនិងរៀបរាប់យ៉ាងលម្អិតអំពីគោលបំណងនៃការរៀបរៀងសៀវភៅនេះឡើង។ លោក ឆាំង យុ ព្រមទាំងបានពិពណ៌នារៀបរាប់អំពីគម្រោងវិទ្យាស្ថានស្លឹករឹត ដែលជាទីតាំងអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ជូនដល់ភ្ញៀវកិត្តិយស។ ទន្ទឹមនឹងនេះ លោកក៏បានលើកយកឯកសារកម្រមួយចំនួននៅក្នុងសមុច្ច័យឯកសារកម្រនានារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញជូនភ្ញៀវកិត្តិយស។

គណៈប្រតិភូ ក៏បានទស្សនាវីដេអូឯកសារ, បណ្ណសារសោទស្សន៍, ឯកសារប្រភេទក្រដាស, ឯកសាររូបថត និងបរិក្ខារផ្ទុកឯកសារជាទម្រង់ឌីជីថលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានដាក់តម្កល់នៅបណ្ណាល័យសម្តេចម៉ែថែមទៀតផង។

ជាកិច្ចបញ្ចប់ លោក ឆាំង យុ បានរៀបចំកិច្ចពិភាក្សាដោះដូរយោបល់ ដើម្បីផ្តល់ឱកាសជូនគណៈប្រតិភូចែករំលែកការយល់ឃើញ និងចោទជាសំណួរផ្សេងៗ។ ប្រតិភូកិត្តិយស បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅមកកាន់បណ្ណាល័យសម្តេចម៉ែ៕