(ភ្នំពេញ)៖ លោក វ៉ាង វិធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិននឹងជួយកម្ពុជា ដើម្បីអភិវឌ្ឍន៍លើវិស័យថាមពលស្អាត ឬហៅថា Clean Energy ។

ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលអញ្ជើញធ្វើសន្និសីទសារព័ត៌មាន សង្ខេបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសចិន។

លោក វ៉ាង វិធាន បានបញ្ជាក់យ៉ាងដូច្នេះថា ចំពោះវិស័យថាមពល ភាគីចិននឹងបន្តលើកទឹកចិត្តសហគ្រាស ដែលមានលទ្ធភាពមកវិនិយោគនូវវិស័យថាមពលក្នុងប្រទេសកម្ពុជា ជាពិសេសផ្តោតលើវិស័យថាមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺ និងប្រភពថាមពលស្អាតដទៃទៀត។

លោកបន្តថា «កម្ពុជាមានបញ្ហាកង្វះថាមពលអគ្គិសនីធ្ងន់ធ្ងរនៅរដូវប្រាំង ហើយប្រទេសចិននឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីជួយកម្ពុជាដោះស្រាយបញ្ហានេះ និងផ្តល់នូវប្រភពថាមពលប្រកបដោយស្ថិរភាព។ បច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងពិគ្រោះ និងពិភាក្សាអំពីគម្រោងជាច្រើន ដើម្បីធ្វើឲ្យកម្ពុជាទុកចិត្ត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា»។

នៅឆ្នាំ២០២២ កម្ពុជាផលិតថាមពលអគ្គិសនីបានជិត៨០ភាគរយ ខណៈថាមពលអគ្គិសនីតែ ២០ភាគរយប៉ុណ្ណោះទិញពីប្រទេសឡាវ វៀតណាម និងថៃ។ នេះបើតាមលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រាប់ Fresh News ។

លោក យឹម វិសិដ្ឋ បានលើកឡើងថា «រាល់ថ្ងៃនេះយើងមានលទ្ធភាពផលិតថាមពលនៅក្នុងស្រុកបាន ៣៤០០មេហ្កាវ៉ាត់ ហើយតម្រូវការរបស់យើងបច្ចុប្បន្ននេះត្រឹមតែប្រមាណជិត ២២០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ មានន័យថា យើងមានសមត្ថភាពផលិតថាមពលបានច្រើនលើសលប់ អត់មានបញ្ហាទេ»

លោកបានបញ្ជាក់យ៉ាងដូច្នេះ «អ្វីដែលខ្ញុំលើកឡើងថា ថាមពលរាល់ថ្ងៃយើងទិញពីប្រទេសជិតខាង ២០ភាគរយ។ ការទិញចូលនេះ មិនមែនមានន័យថា យើងខ្វះភ្លើងទេ។ ភាពពិតប្រាកដ គឺយើងត្រូវតែភ្ជាប់បណ្តាញជាមួយប្រទេសជិតខាង ដោយសារប្រទេសគេជាប្រព័ន្ធមួយធំ អញ្ចឹងយើងភ្ជាប់ជាមួយគេ ដើម្បីរក្សាឲ្យប្រព័ន្ធយើងមានលំនឹង។ ប្រសិនបើយើងមានបញ្ហាតិចតួច យើងតោងគេទៅ យើងអត់មានបញ្ហារលត់ទូទាំងប្រទេសទេ»

លោក យឹម វិសិដ្ឋ បានបកស្រាយចំពោះការទិញពីគេ ដោយលើកឡើងថា យើងមានសមត្ថភាពផលិតបាន ៣៤០០មេហ្កាវ៉ាត់ ផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង។ មានន័យថា កម្ពុជាកំពុងប្រើប្រាស់ទាំងថាមពលស្អាត និងថាមពលមិនស្អាត។

លោកបន្តថា «ផលិតកម្មដែលយើងមាន ៣៤០០មេហ្កាវ៉ាត់នេះ វាមានប្រភពថោក និងថ្លៃ។ អញ្ចឹងនៅពេលយើងដើរថាមពលដែលថោកអស់ យើងប្រៀបធៀបថា ទិញពីគេ និងប្រើថាមពលដែលផលិតខ្លួនឯង មួយណាចំណេញជាង?»

សូមជម្រាបថា យោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបានឲ្យដឹងថា ភាគីទំាងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺ និងប្រភពថាមពលស្អាតដទៃទៀត និងស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលស្ថិរភាព និងបៃតង ដែលអាចពឹងផ្អែកបាន។ ជំរុញការបង្កើតគម្រោងតំបន់ បង្ហាញការបញ្ចេញកាបូនតិចកម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ស្តីពីការប្រែប្រួលអាកាសធាតុ នៅខេត្តព្រះសីហនុ។

បើតាមសេចក្តីថ្លែងការណ៍រួមដដែល កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងអេកូឡូស៊ីនឹងត្រូវបានរំលេចកាន់តែច្រើនឡើង នៅក្នុងកិច្ចសន្ទនាគោលនយោបាយ ការស្រាវជ្រាវរួម និងការកសាងសមត្ថភាព ក៏ដូចជាការបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងកិច្ចគាំពារបរិស្ថាន និងអេកូឡូស៊ី នៅកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរទស្សនៈ យុទ្ធសាស្រ្ត បទបញ្ញត្តិ និងស្តង់ដារ៕