(ភ្នំពេញ)៖ ផ្ទះល្វែងមួកន្លែងត្រូវភ្លើងឆេះ ខណៈដែលម្ចាស់មិននៅជាប់រវល់ទៅធ្វើការលក់ដូរនៅខាងក្រៅ ហើយចាក់សោទុកចោល បណ្ដាលឲ្យបាត់បង់លុយថ្លៃបណ្ណាការដែលត្រៀមប្រគល់ជូនខាងស្រីរៀបចំមង្គលការកូន អស់ជិត១ម៉ឺនដុល្លារ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ផ្ទះល្វែងដែលត្រូវភ្លើងឆេះនោះសាងសង់ពីបេតុងទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ម្លូ រក្សា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះ នួន ភារុណអាយុ៤៥ឆ្នាំ មុខរបរជាងសំណង់។

ស្រ្តីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុគាត់ និងគ្រួសារអត់បាននៅផ្ទះទេ ដោយរវល់ចេញទៅធ្វើការរកស៊ីលក់ដូរនៅខាងក្រៅហើយបានបិទទ្វារចាក់សោចោល។ ចំណែកលុយថ្លៃបណ្ណាការកូនចំនួន ៨,៩០០ដុល្លារ នៅក្រោមពូក គាត់មានគម្រោងថា យកប្រគល់ជូនដន្លងនាវេលាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីរៀបចំពិធីមង្គលការកូននាពេលខាងមុខនេះ។ ប៉ុន្តែក្រោយមកក៏ស្រាប់តែត្រូវភ្លើងឆេះផ្ទះ ហើយឆេះទាំងទ្រព្យសម្បត្តិ និងលុយថ្លៃបណ្ណាការអស់ បែបនេះតែម្ដង ចំណែកគ្រឿងអលង្ការមួយចំនួន ដែលដាក់ក្នុងកាបូបទុកក្នុងទូ ពុំបានរងការខូចខាតបាត់បង់ឡើយ។

អ្នកជិតខាងបាននិយាយថា នៅពេលកើតហេតុនៅសុខៗ ស្រាប់តែឃើញមានផ្សែងហុយចេញពីខាងក្នុងផ្ទះនោះ ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗនោះពួកគាត់បាននាំគ្នាគាស់ទ្វារ ក្រោយចូលទៅជួយពន្លត់ភ្លើង។

បន្ទាប់មកទៀតមានការអន្តរាគមន៍ពីអាជ្ញាធរ និងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទើបភ្លើងរលត់ទៅវិញ ចំណែកម្ចាស់ផ្ទះ​បានត្រឹមតែស្រែកទ្រហ៊ោយំគួរឲ្យអាណិតបំផុត៕