(ព្រះសីហនុ)៖ លោក នឹម ថូត រដ្ឋលេខាធិការប្រចាំការ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ សារាចរណែនាំលេខ ០១១ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការងារសមាហរណកម្ម និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច បានធ្វើរបាយការណ៍បច្ចុប្បន្នភាព ស្តីពីសារាចរ និងទម្រង់មួយចំនួន ពីព្រោះថាសារាចរ និងទម្រង់មួយនេះបានកើតមានឡើងតាំងពីឆ្នាំ ២០០៧ ហើយរហូតមកដល់ពេលនេះ ទម្រង់មួយនេះ មានរយៈពេលចំណាស់បន្តិច ដែលជាហេតុធ្វើឲ្យទម្រង់មួយនេះមានការប្រើប្រាស់មានភាពផ្សេងៗគ្នារវាងអ្នកផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ពិសេសទម្រង់គ្រប់គ្រង់ករណី ក្នុងន័យនេះ ដើម្បីជៀសវាងការប្រើប្រាស់មានភាពផ្សេងគ្នា និងដើម្បីឲ្យស្របតាមការរីកចម្រើននៃសម័យកាលសកលភាវូបនីយកម្ម ពិសេសស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបួនរបស់រាជរដ្ឋាភិបាលនីតិកាលទី៦។

លោកបានបញ្ជាក់ទៀតថា នៅពេលមជ្ឈមណ្ឌលរដ្ឋ ឬអង្គការមិនមែនរដ្ឋាភិបាលទទួលជនរងគ្រោះឬសង្ស័យថារងគ្រោះក្នុងការផ្តល់សេវានានាត្រូវប្រើប្រាស់ទម្រង់គ្រប់គ្រងករណីជនរងគ្រោះដោយអំពើជួញដូរមនុស្សទាំង៧ របស់ក្រសួង ស.អ.យ ដែលមានជាអាទិ៍ ៖ ទម្រង់ទី១ គឺទម្រង់ទទួលជនរងគ្រោះ និង ស្វែងរកគ្រួសារ, ទម្រង់ទី២ គឺទម្រង់ប៉ាន់ប្រមាណគ្រួសារ, ទម្រង់ទី៣ គឺទម្រង់ផែនការករណី, ទម្រង់ទី៤ គឺទម្រង់សមាហរណកម្ម, ទម្រង់ទី៥ គឺទម្រង់តាមដាន, ទម្រង់ទី៦ គឺផ្ដល់ព័ត៌មានត្រឡប់ទៅមជ្ឈមណ្ឌលរដ្ឋ ឬអង្គការមិនមែនរដ្ឋាភិបាល និងទម្រង់ទី៧គឺទម្រង់បិទករណី។

ថ្លែងក្នុងពិធីនោះផងដែរ លោក នឹម ថូត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការរតនៈអន្តរជាតិ អង្គការ អាស៊ាន -អូស្ត្រាលី និង អង្គការដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលតែងតែសហការយ៉ាងជិតស្និទជាមួយក្រសួង លើវិស័យសង្គមកិច្ចកន្លងមកដោយទទួលបានលទ្ធផល ផ្លែផ្កាគួរឱ្យកតសម្គាល់។

លោកបានបន្តថា ក្រោយពីសារចរណនេះចេញទៅជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទ និងទម្រងផ្សេងៗនៃរំលោភបំពាន (អ្នកទទួលសេវា) និងទទួលបាននូវអត្ថប្រយោជន៍ក្នុងការពីសារចរណ៍មួយនេះ មួយទៀតសម្រាប់ អស់លោក លោកស្រីអ្នកកាន់ករណី ក្នុងការជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងទទួលបាននូវនីតិវិធីមួយយ៉ាងច្បាស់លាស់ ដែលជាហេតុនាំឲ្យមានសង្គតភាពក្នុងការផ្តល់សេវា ការទទួលជនរងគ្រោះ ការប៉ាន់ប្រមាណ ការស្តារនីតិសម្បទា ការធ្វើសមាហរណកម្មជនរងគ្រោះ ការតាមដាន និងការបិទករណី ពិសេសជាងនោះទៅទៀត អ្នកផ្តល់សេវាទាំងអស់យល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លូនរៀងៗខ្លូនក្នុងការសម្របសម្រួល កិច្ចសហការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

ជាទីបញ្ចប់ រដ្ឋលេខាធិការរូបនេះ ក៏បានស្នើដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់មេត្តាជួយគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួង ស.អ.យ ឲ្យបានច្រើនជាងនេះ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជនរងគ្រោះអំពើជួញដូរ មនុស្សនាពេលអនាគត។ ជាពិសេស គឺឯកសារនេះនឹងក្លាយជាមធ្យោបាយសម្រាប់ការអនុវត្តការងារជាក់ស្តែងប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងជាជំនួយស្មារតីដល់អ្នកផ្តល់សេវាថែទាំជនរងគ្រោះ ពិសេសការកំណត់អត្តសញ្ញាណបឋម ការផ្តល់សេវា និងការគ្រប់គ្រងករណីជនរងគ្រោះដោយអំពើជួញដូរមនុស្ស៕