(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនក្នុងវិស័យរក្សាសន្តិភាព និងស្នើឱ្យមានវគ្គហ្វឹកហ្វឺនពីអង្គការសហប្រជាជាតិ។

ការជំរុញបែបនេះរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Jo Sheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Jo Sheuer និងថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលតែងផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

លោក Jo Sheuer បានបង្ហាញភាពរីករាយ និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឱ្យកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ស្រ្តីក្នុងប្រតិបត្តិរក្សាសន្តិភាពឱ្យកាន់តែច្រើន។ ជាមួយគ្នានោះ លោកក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កងកម្លាំងរក្សាសន្តិភាពម្នាក់ ដែលទៅបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលី។

នាថ្ងៃដដែលនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានទទួលជួបពិក្សាការងារ ជាមួយលោក Lloyd GILLET ប្រតិភូប្រចាំតំបន់ទទួលបន្ទុកផ្នែកយោធា និងសុវត្តិភាពប្រចាំ ICRC នៅទីក្រុងបាងកក ដើម្បីពង្រឹង និងបន្តផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពមួកខៀវកម្ពុជា។

លោក Lloyd GILLET មានសេចក្តីរីករាយជាខ្លាំងក្នុងកិច្ចសហការជាមួយប្រតិបត្តិការរក្សាសន្តិភាព និងបានប្តេជ្ញាក្នុងការចូលរួមផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិឱ្យកាន់តែទូលំទូលាយ៕