(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា នៅក្នុងឆ្នាំ២០២២ ក្រសួងប្រមូលចំណូលចូលថវិកាជាតិប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិក ពីការលក់ស្លាកលេខពិសេសរថយន្ដ។

ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ធ្វើឡើងក្នុងកម្មវិ ធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ស៊ុន ចាន់ថុល បានថ្លែងថា «ក្នុងឆ្នាំ២០២២កម្ពុជាបានលក់សា្លកលេខរថយន្ដពិសេសផ្ទាល់ខ្លួនចំនួន ៧១២៥ស្លាកលេខ ដោយទទួលបានថវិការចំនួន ៤០ប៊ីលានរៀល ប្រមាណនឹង ១០លានដុល្លារសហរដ្ឋអាមេរិកចូលថវិការជាតិ»

ផ្លាកលេខពិសេសផ្ទាល់ខ្លួន ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។ ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាច នឹងមានតម្លៃច្រើនជាងនេះ។

លោក ស៊ុន ចាន់ថុល បានលើកឡើងផងដែរពី ការប្រើប្រាស់រថយន្ដអគ្គិសនីដោយបញ្ជាក់ថា ឆ្នាំ២០២២ជាការបើកទំព័រថ្មីរបស់កម្ពុជា ក្នុងការជំរុញការប្រើប្រាស់រថយន្ដអគ្គិសនី ដោយបានធ្វើការជាមួយដៃគូ UNDP និងវិស័យឯកជន ក្នុងនោះ UNDP បានផ្ដល់ស្ថាននីយបញ្ជូលថាមពលចំនួន៤ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានដាក់នៅទីតាំងក្រសួងសាធារណការ និងដឹកជញ្ជូន, ទីតាំងក្រុងព្រះសីហនុ, ក្រុងសៀមរាប និងខេត្តបាត់ដំបង ក្រៅពីនោះវិស័យឯកជនបានផ្ដល់ចំនួន៣គ្រឿងបន្ថែមទៀត ដល់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយសរុបទាំងអស់មានចំនួន ៧គ្រឿង។

លោកបានបញ្ជាក់ថា កម្ពុជាជំរុញបន្ថែមទៀត ក្នុងការប្រើប្រាស់រថយន្ដអគ្គិសនី ដោយបានចុះបញ្ជីជាង៤០០គ្រឿងហើយ គិតរហូតមកដល់ពេលនេះ ក្នុងនោះមួយឆ្នាំៗមានការកើនឡើងជាច្រើន ដោយសារតែប្រជាពលរដ្ឋចាប់យល់ អំពីការប្រើប្រាស់រថយន្ដដើរដោយថាមពលអគ្គិសនីនេះ ដោយសារបានផ្ដល់នូវផលចំណេញជាច្រើនដូចជា ការបន្ថយពន្ធនាំចូល ការប្រើប្រាស់អគ្គិសនីមានតម្លៃធូរថ្លៃជាងការប្រើប្រាស់ប្រេងសាំង។

លោកបានបន្ថែមថា ក្នុងនោះកម្ពុជាក៏បានរៀបចំដាក់ស្ថានីយ៍បញ្ជូលថាមពលនេះ ប្រមាណ២០០គ្រឿង និង២០០កន្លែងទូទាំងប្រទេស៕