(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានបញ្ជាក់ឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្មានការលុបចោល ឬពន្យារពេលនោះទេ ខណៈការចរចាបានចប់សព្វគ្រប់នូវកិច្ចព្រមព្រៀងសម្បទាន ឬកិច្ចព្រមព្រៀងរវាងផ្នែកឯកជន និងរដ្ឋ (PPP)។

ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ភាគច្រើនបានលើកឡើងថា អត់ឃើញចុះហត្ថលេខាមានការបារម្ភ ខ្ញុំសូមជម្រាបច្បាស់ថា អត់មានអីទេ គ្រឿងចក្រចាប់ផ្ដើមបញ្ជូនទៅបណ្ដើរៗហើយ ទៅទីតាំង ដែលយើងបើកការដ្ឋាន។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត យើងបានចរចាចប់សព្វគ្រប់នូវកិច្ចព្រមព្រៀងសម្បទាន ឬកិច្ចព្រមព្រៀងរវាងផ្នែកឯកជន និងរដ្ឋ (PPP)»

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា កិច្ចព្រមព្រៀងនេះ ធម្មតាត្រូវចុះហត្ថលេខានៅក្រោយពេលប្រជុំទ្វេភាគី រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏ប៉ុន្តែនីតិវិធីផ្ទៃក្នុងរបស់ចិន មានការយឺតយ៉ាវ មិនទាន់បានចប់សព្វគ្រប់ ដោយសារមានកូវីដ និងដោយសារចូលឆ្នាំចិនផង ដូច្នេះមានការយឺតយ៉ាវបន្តិច ក្នុងការរៀបចំឯកសារផ្ទៃក្នុង។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងបែបនេះថា «សូមជម្រាបបញ្ជាក់ឲ្យច្បាស់ថា អត់មានការលុបចោល ឬពន្យារពេលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតទេ សូមជ្រាបឲ្យច្បាស់ បើយើងចង់ចុះហត្ថលេខា ស្អែកក៏បានដែល ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីភាគីចិន លោកមិនអាចធ្វើជាសាក្សីបាន ដោយសារនីតិវិធីផ្ទៃក្នុង មិនទាន់បានចប់»

បន្ថែមពីនោះទៀត លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណូមពរទៅខាងមិត្តចិនឲ្យជួយជំរុញនីតិវិធី ក៏ប៉ុន្តែក្រុមហ៊ុនបានសន្យា ទៅសម្ដេចតេជោ ហ៊ុន សែន ថានឹងបើកការដ្ឋានសាងសង់ យ៉ាងយូរខែមិថុនា ឆ្នាំ២០២៣ នឹងបញ្ចប់នៅឆ្នាំ២០២៧ ឲ្យស្របទៅតាមផ្លូវល្បឿនលឿន ពីហូបជីមិញ មកម៉ុកបៃ ត្រូវតភ្ជាប់គ្នា នៅឆ្នាំ២០២៧។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា គម្រោងនេះ ជាគម្រោងសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងឯកជន ដោយសារក្រុមហ៊ុន CRBC នឹងសាងសង់ផ្លូវនៅត្រើយខាងកើត ទន្លេមេគង្គ ទៅបាវិត ១៣៥គីឡូម៉ែត្រ។ ភាគីកម្ពុជា នឹងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ដោយសារសម្ដេចតេជោចង់ឲ្យប្រជាពលរដ្ឋ ដែលឆ្លងពីត្រើយខាងលិចទៅល្វាឯមត្រើយខាងកើត ដោយប្រើស្ពានមិនចាំបាច់បង់លុយ។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ផងដែរថា ស្ពាននេះក៏ត្រូវតែធ្វើឲ្យហើយ ពេលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ធ្វើចប់សព្វគ្រប់ផងដែរ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលក្នុងឆ្នាំ២០២៣ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន ១ ៦៣៨លានដុល្លារ។

បើតាមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ ក្នុងការតភ្ជាប់ពីចិន មកភូមា, ថៃ, កម្ពុជា និងតទៅវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជា កំពុងតែចាប់ផ្តើមពង្រីកពី ២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឲ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិន រហូតដល់វៀតណាម អាចឆ្លងកាត់បាន៕