(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ កន្លងមកនេះរាជរដ្ឋាភិបាលបានចេញថ្លៃខាតលើអគ្គិសនីប្រហែល ២០០លានដុល្លារអាមេរិក ប៉ុន្តែរដ្ឋប្រកាសមិនតម្លើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ទទាំងអស់ សម្រាប់ឆ្នាំ២០២៣នេះ។

ការបញ្ជាក់បែបនេះ របស់ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នាពិធីបើកមហាសន្និបាតបូកសរុបការបញ្ចប់ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនីកម្ពុជា។

លោកបានបញ្ជាក់ថា «កាលពីឆ្នាំ២០២២កន្លងមក តាមការប៉ាន់ស្មានប្រហែលខ្ទង់ ២០០លានដុល្លារ ហើយសម្រាប់ឆ្នាំ២០២៣ យើងមិនទាន់ដឹងទេ ឥឡូវសេដ្ឋកិច្ចយើងកើនឡើងវិញហើយ អីចឹងការប្រើប្រាស់អគ្គិសនីវាកើន យើងដឹងហើយថាឆ្នាំ២០២២ ខាតបង់ប៉ុណ្ណឹង ឥឡូវថាមពលរបស់យើងចាប់ផ្តើមកើនថែមទៀត អីចឹងវាកើនកាន់តែច្រើនមានន័យថា ការខាតបង់កាន់តែច្រើនដែរ ប៉ុន្តែទោះជាយ៉ាងណារាជរដ្ឋាភិបាល បានសម្រេចថាមិនឡើងថ្លៃទេ»

ជាមួយគ្នានេះ ឯកឧត្តម យឹម វិសិដ្ឋ បានឱ្យដឹងថា នៅឆ្នាំ២០២២ កម្ពុជាផលិតថាមពលអគ្គិសនីបានជិត ៨០ភាគរយ ខណៈថាមពលអគ្គិសនីតែ ២០ភាគរយ ប៉ុណ្ណោះទិញពីប្រទេសជិតខាង ប៉ុន្តែដោយសារតែបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនីមានការកើនឡើង ជាក់ស្តែងធ្យូងថ្មកើនឡើងគុណនឹង៥ ថ្លែប្រេងក៏ឡើង ដូច្នេះថ្លៃអគ្គិសនីនៅក្នុងប្រទេសបានកើនឡើងផងដែរ។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបញ្ជាក់ថា «ថ្លៃអគ្គិសនីក្នុងស្រុកថ្លៃមួយហើយ បូកនឹងប្រទេសជិតខាង ថៃបានលក់ឱ្យយើងឡើងថ្លៃហើយ វៀតណាមបានអញ្ជើញ EDC ទៅពិភាក្សាហើយ ហើយគ្រោងនឹងឡើងថ្លៃចាប់ពីខែ៤ ឆ្នាំ២០២៣នេះ អីចឹងថ្លៃទាំងពីរនេះវានឹងឡើង យើងដឹងហើយបើខាតនៅឆ្នាំ២០២២ ថ្លៃអគ្គិសនីទិញពីថៃ និងវៀតណាមអត់ទាន់ឡើងទេ អីចឹង២០២៣នេះនឹងខាតតែច្រើន»

ជុំវិញការខាតថ្លៃអគ្គិសនីនេះដែរ ឯកឧត្តម យឹម វិសិដ្ឋ បានអះអាងថា បើទោះបីជាថ្លៃអគ្គិសនីដែលប្រទេសជិតខាងទាំងពីរលក់ឱ្យកម្ពុជាឡើងថ្លៃក៏ដោយ ក៏មិនប៉ះពាល់ដល់អ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទដែរ ដោយសារតែរាជរដ្ឋាភិបាលបានប្រកាសមិនឱ្យមានការដំឡើងថ្លៃអគ្គិសនីសម្រាប់ឆ្នាំ២០២៣។

បន្ថែមពីនេះ លោកបានលើកឡើងថា ចំពោះការអភិវឌ្ឍបង្កើនសមត្ថភាពប្រភពអគ្គិសនីបច្ចុប្បន្ន អានុភាពសរុបនៃប្រភពអគ្គិសនីដែលបានអភិវឌ្ឍកើនឡើងពី ៣,៩៩០មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២១ ដល់ ៤,៤៩៥មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២២ ឯបរិមាណថាមពលដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនីខាងលើ បានកើនឡើងពី ១៣,០៩៧លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២១ មក ១៥,៤៥៥លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២២។

និយាយដោយឡែក ការអភិវឌ្ឍប្រភពអគ្គិសនីពន្លឺព្រះអាទិត្យបានកើនឡើងពី ៣៥៧មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២១ ដល់ ៤៣៧មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២២ ចំពោះបរិមាណថាមពលដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនីពន្លឺព្រះអាទិត្យបានកើនឡើងពី ៦១០លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២១ មក ៦៨៨លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២២។

ទន្ទឹមនឹងនេះឯកឧត្តម យឹម វិសិដ្ឋ បានបន្ថែមថា សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី នៅក្នុងឆ្នាំ២០២២ បានអភិវឌ្ឍបណ្តាញបញ្ជូនបន្ថែមចំនួន ៥១០គីឡូម៉ែត្រ និងសាងសង់អនុស្ថានីយចំនួន ៩ថែមទៀត ធ្វើឱ្យបច្ចុប្បន្ននេះ មានខ្សែបញ្ចូនសរុបចំនួន ៣,៩៥៣គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន៦៣ ដែលអាចបញ្ចូនប្រភពអគ្គិសនីដល់រាជធានី-ខេត្តចំនួន២៥ ផ្ទាល់ទូទាំងប្រទេសរួចហើយ៕