(ក្រចេះ)៖ នាថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៣​ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ និងលោក ឈឿន​ ប៊ុណ្ណារ័ត្ន ​ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញជាអធីបតី​​ក្នុងពិធី​កាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាសអគារស្នាក់ការគណបក្សសង្កាក់រកាកណ្តាល ក្រុងក្រចេះ​ ខេត្តក្រចេះ​។

លោក វ៉ា ថន បានលើកឡើងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីសន្លាងមួយ នៅក្នុង​សង្កាត់​រកាកណ្តាល​ ដើម្បីបម្រើប្រយោជន៍រួម និងដើម្បីបង្ហាញពីវឌ្ឍនភាពរបស់ គណបក្សប្រជាជនកម្ពុជា ក្នុង​ការលើក​ស្ទួយ​នូវ​សន្តិភាព​ និងលើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ក្រចេះ​ មាន​ការគោរព​ស្រឡាញ់​ និង​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ច្រើន​កុះករ។

លោក​បាន​ថ្លែង​បន្ត​ថា អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​រកាកណ្តាល​នេះ​ ជាអំណោយ​របស់​លោកផ្ទាល់​​ មាន​តម្លៃ​ ៣៧.៨០០ដុល្លារ​អាមេរិក​ ដែលជា​ប្រភេទ​សំណង់​ចាក់ប្លង់សេ១​សន្លឹក​ មាន​ជញ្ជាំង​រៀប​ឥដ្ឋ​១០ស.ម​ ដំបូល​គ្រោងដែកប្រក់ក្បឿងស៉ីផេក​ បណ្តោយ​១២ម៉ែត្រ​ ទទឹង​៨ម៉ែត្រ​ កម្ពស់​២ជាន់​ លើផ្ទៃដី​ទំហំ​ ២៣,៥ម៉ែត្រ​ គុណ​ ៣៨ម៉ែត្រ​ សង់មានបន្ទប់ទឹក៣​។

លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន និងជាតិមាតុភូមិ ហើយគ្រប់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព និងលើក​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ​ ដែល​សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ តែងតែយកចិត្តទុកដាក់​ដល់ប្រជាពលរដ្ឋគ្រប់​កាលៈទេសៈ​ ពិសេស​ជំរុញ​ឱ្យ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ពីដូស​ទី១ រហូត​ដល់​ដូស​ជំរុញទី៦​។

ពិសេស​ជាងនេះ​ សម្រាប់​ខេត្ត​ក្រចេះក្នុងគិតមកដល់​ខែកុម្ភៈ​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានឧបត្ថម្ភសាច់​ប្រាក់​ចំនួន ​១៥៣,១៩៤,១០៨,០០០រៀល​ ​ជូនគ្រួសារក្រីក្រ​ និងាយរងគ្រោះដោយសារជំងឺកូដ-១៩​បាន​ចំនួន​២៨,២៥៥គ្រួសារ​ ​និង​ឧបត្ថម្ភ​សាច់​ប្រាក់​ចំនួន​ ៤,៣៤៤,២៨០,០០០រៀល ​​ជូន​ស្រ្តី​មា​ន​ផ្ទៃពោះ​ចំនួន​៧,៤៨១នាក់​ និង​កុមារ​ក្រោមអាយុ២ឆ្នាំ​ចំនួន​៣,១៥៥នាក់​​​។

ជាចុងក្រោយ​ លោក វ៉ា ថន និងលោក ឈឿន​ ប៊ុណ្ណារ័ត្ន​ បាន​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ចំនួន​រួម​ចំនួន​៤០០នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ សារ៉ុង០១​ និងថវិកា​២០,០០០រៀល​ផងដែរ៕