(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានជំរុញដល់ពលរដ្ឋរាយការណ៍ពីករណីគ្រឿងញៀន។ លោកអះអាងថា មានខណៈករណីខ្លះ ទោះពលរដ្ឋឃើញអ្នកជក់គ្រឿងញៀនផ្ទាល់ ក៏គាត់មិនហ៊ានរាយការណ៍ដែរ។

ថ្លែងក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមវគ្គបណ្ដុះបណ្ដាល «ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ» នៅសហសាលសាលាភូមិន្ទរដ្ឋបាល លោក កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា បើទុកឲ្យតែនគរបាល និងស្ថាប័នគ្រឿងញៀន ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន គឺគ្មានប្រសិទ្ធភាពនោះឡើយ។ លោកបន្ថែមថា ការបង្ក្រាបគ្រឿងញៀន ត្រូវផ្តើមចេញពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍ទាំងមូល។

លោក កែ គឹមយ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងទុកឲ្យតែប៉ូលីស ទុកឲ្យតែស្ថាប័នគ្រឿងញៀន (ធ្វើ) វាអត់ចប់ទេ។ យើងត្រូវយកពាក្យស្លោក ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចាប់ផ្តើមពីយើងម្នាក់ គ្រួសារនីមួយៗ និងសហគមន៍។ ឃុំមួយប្រើគ្រឿងញៀន គាត់ស្រែកថា ងាប់ហើយភូមិខ្ញុំ​ [...] គ្រឿងញៀនមានច្រើនណាស់។ ប៉ុន្តែរួចហើយ យកទឹកទៅលក់ឲ្យអ្នកគ្រឿងញៀន [...]។ បង្កើតកន្លែងផ្ញើម៉ូតូកង់ ឲ្យពួកគ្រឿងញៀនទៀត»

លោកបានបញ្ជាក់ដែរថា ទីតាំងនៅត្រពាំងឈូក ប្រៀបដូចជាសមរភូមិគ្រឿងញៀន ដែលរឿងនេះកើតឡើងក៏ព្រោះតែមូលដ្ឋាននោះ ខ្វះការសហការពីសហគមន៍ទាំងមូល។

បើតាមលោក កែ គឹមយ៉ាន ជាមួយនឹងការព្យាយាម ដែលបានខិតខំប្រឹងប្រែងប្រកបដោយការលះបង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការយកឈ្នះពីការឆ្លងរាតត្បាតជាសកលនៃវិបត្តិជំងឺកូវីដ កម្ពុជាក៏នៅតែបន្តរងការគំរាមកំហែងឥតឈប់ឈរ ពីនិន្នាការកើនឡើងនៃការផលិត ការចរាចរ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់។ ជាក់ស្តែង ការចរាចរឆ្លងកាត់គ្រឿងញៀនទាំងតាមផ្លូវគោក ផ្លូវទឹក បញ្ញើប្រៃសណីយ៍ និងផ្លូវអាកាស ពិសេសករណី រក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀននៅផ្ទៃក្នុងប្រទេស។

លោកបន្តថា ក្នុងឆ្នាំ២០២២នេះ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន មានចំនួនករណីកើនឡើង១,៣០% ចំនួនជនសង្ស័យដែលបានឃាត់ខ្លួនកើនឡើង ៧,៣២% និងចំនួនគ្រឿងញៀនសរុបដែលបាន ចាប់យកកើនឡើងប្រមាណជាង ៣ដង បើធៀបទៅនឹងលទ្ធផលកាលពីឆ្នាំ២០២១ កន្លងទៅ ក្នុងនោះមានបទល្មើសគ្រឿងញៀនលេចធ្លោនៃករណីរក្សាទុក កែច្នៃផលិត ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំ ដែលកើតមាន ឡើងនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ព្រះសីហនុ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងបង្រ្កាបបាននៅតាមឃ្លាំងទំនិញ អគាររោងចក្រកែច្នៃផលិតផលកសិកម្ម អគារខនដូរ បុរី លំនៅដ្ឋាន ផ្ទះជួល និងក្នុងទីតាំងដីចំការ មានលក្ខណៈជាមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតគ្រឿងញៀន រួមទាំងមានការវេចខ្ចប់គ្រឿងញៀន ក្នុងគោលបំណងនាំចេញទៅក្រៅប្រទេស តាមច្រកផ្លូវគោកព្រំដែនកម្ពុជា-វៀតណាម និងការដឹកជញ្ជូនចេញតាមច្រកសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោកបន្ថែមថា សារធាតុគីមីផ្សំគ្រឿងញៀនជាង ៥០០តោន រួមទាំងម៉ាស៉ីនធុនធំ ឧបករណ៍ សម្ភារសម្រាប់ការកែច្នៃផលិត វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងបើគិតរួមទាំងការបង្រ្កាប និងរឹបអូសបានកាលពីចុងឆ្នាំ២០២១ កន្លងទៅ មកដល់ដាច់ឆ្នាំ២០២២នេះ សារធាតុគីមីផ្សំគ្រឿងញៀនជិត ៦០០តោន ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ ធ្វើការបង្រ្កាប និងរឹបអូស នាំមកនូវសេចក្តីសុខ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រជាពលរដ្ឋបន្តរស់នៅដោយសុខសាន្ត។

«សូមបន្តចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមទិសស្លោកបីកុំគឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍គឺត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចគ្រប់ករណីបទល្មើសគ្រឿងញៀន អនុវត្តគោលនយោបាយភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍ»។ នេះជាការសំណូមពរ ពីលោក កែ គឹមយ៉ាន៕