(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាកំពុងស្វែងដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត តម្លៃជាង៤ពាន់លានដុល្លារ ដែលមានចម្ងាយ ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្ននេះគម្រោងផ្លូវដែកនេះ បានសិក្សាចប់សព្វគ្រប់ហើយ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៉ី ជិនពីង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន, លោកប្រធានាធិបតីចិន បានគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅថៃ តភ្ជាប់ទៅឡាវ និងតភ្ជាប់ទៅចិន និងបានផ្តល់ជំនួយ ៤៥លានដុល្លារដល់កម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់នៃគម្រោងផ្លូវដែកល្បឿនលឿនរបស់កម្ពុជានេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើប្រធានបទ «បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស» នាថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២៣នេះ។

លោកបានគូសបញ្ជាក់ បច្ចុប្បន្ននេះក្រសួងបានសិក្សាចប់សព្វគ្រប់ហើយ ដើម្បីកែផ្លូវដែកធម្មតា ទៅជាផ្លូវដែកល្បឿនលឿន តភ្ជាប់ពីថៃទៅឡាវ និងភ្ជាប់ទៅប្រទេសចិន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានលឿន និងភ្ញៀវទេសចរ។

បើតាមលោកទេសរដ្ឋមន្រ្តី ផ្លូវដែកល្បឿនលឿននេះ អាចបើកបរបានក្នុងល្បឿន ១៦០គីឡូម៉ែត្រទៅ២០០ម៉ែត្រក្នុងមួយម៉ោង ស្មើនឹងល្បឿនផ្លូវដែកនៅឡាវ ស្របពេលដែលទទឹងផ្លូវនឹងត្រូវពង្រីកពីមួយម៉ែត្រ ទៅដល់ ១.៤៣ម៉ែត្រ។

ការសិក្សាគម្រោងផ្លូវដែកល្បឿនលឿន ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកន្លងមកបានផ្តល់អនុសាសន៍ ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច រៀបចំសិក្សាពីផ្លូវដែក ដោយកែពីផ្លូវដែកធម្មតា ទៅជាផ្លូវដែកល្បឿនលឿន។ ហើយគម្រោងនេះ ក៏ទទួលបានការគាំទ្រពីប្រធានាធិបតីចិន លោក ស៊ី ជិនពីងផងដែរ។

លោកស៊ុន ចាន់ថុល បានមានប្រសាសន៍បន្តថា «គម្រោងនេះសម្តេចតេជោហ៊ុន សែន បានជំរុញឱ្យយើងខិតខំរកវិធីគ្រប់បែបយ៉ាង ដើម្បីស្តារផ្លូវដែកនេះ។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតី ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ប្រធានាធិបតី ស៊ី ជិនពីង បានគាំទ្រគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅថៃ តភ្ជាប់ទៅឡាវ និងតភ្ជាប់ទៅចិន ហើយផ្តល់ថវិកា ៣០០លានយ័ន (ប្រមាណ៤៥លានដុល្លារអាមេរិក) ដើម្បីយកមកសិក្សា ឬដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋនៅតាមដងផ្លូវដែក ពីភ្នំពេញទៅប៉ោយប៉ែតថែមទៀត។ យើងមិនបានសុំទេ គឺឯកភាពផ្តល់ឱ្យតែម្តង ចំនួន៣០០លានយ័នយកមកធ្វើកិច្ចការនេះ»

លោកបន្ថែម ការសាងសង់ផ្លូវដែកនេះសម្តេចតេជោ មានបំណងវិនិយោគបែប BoT(សាងសង់ ប្រតិបត្តិការ និងផ្ទេរមកឱ្យរាជរដ្ឋាភិបាល )ឬ PPP (យន្តការភាពជាដៃគូ រវាងរដ្ឋ និងឯកជន) ដោយសារកម្ពុជាមិនចង់ខ្ចីទុនដ៏ច្រើន យកមកសាងសង់ដូចឡាវនោះទេ។

លោកបានបញ្ជាក់ថា កម្ពុជាកំពុងរកដៃគូវិនិយោគ ដោយសម្តេចបានអនុញ្ញាតឱ្យក្រុមហ៊ុនចិន ចុះមកពិនិត្យ និងសិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកល្បឿនលឿននេះ ដោយប្រើនិតិវិធី BoT (សាងសង់ ប្រតិបត្តិការ និងផ្ទេរមកឱ្យរាជរដ្ឋាភិបាល) ។ លោកថា នាពេលខាងមុខឆាប់ៗនេះ នឹងមានក្រុមហ៊ុនវិនិយោគចិនមួយនឹងចុះមកសិក្សាគម្រោង។

បើតាមលោកទេសរដ្ឋមន្រ្តី ក្រៅដឹកទំនិញផ្លូវដែកល្បឿលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។

លោកទេសរដ្ឋមន្រ្តីបានអះអាងថា កម្ពុជានឹងអាចទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូនតាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាលនៃអនុទន្លេមេគង្គ ដែលកម្ពុជាអាចនឹងក្លាយជាទីកន្លែងផលិត និងស្តុកទុកទំនិញឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ។

សូមបញ្ជាក់ថា តាមរយៈការសិក្សាបឋមបានបញ្ជាក់ថា គម្រោងផ្លូវដែកល្បឿនលឿននេះ មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ ម៉ែត្រ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)៕