(ភ្នំពេញ)៖ លោក ខូយ សុខា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក និងជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានទទួលមរណភាព នៅថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា​ បានចេញសេចក្តីជូនដំណឹងមួយអំពីមរណភាពរបស់តំណាងរាស្ត្ររូបនេះ និងកម្មវិធីបុណ្យសពរបស់គាត់។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា សព លោក ខូយ សុខា ត្រូវបានតម្កល់ធ្វើទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋាន ផ្ទះលេខ៧៨៩ ផ្លូវ១០២ ភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ពិធីគោរពវិញ្ញាណក្ខន្ធប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពី ម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង១៦៖០០នាទីល្ងាច។ សព នឹងត្រូវដង្ហែយកបញ្ចុះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិពោធិវង្ស (ទួលតាពេវ)ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕