(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ បានអញ្ជេីញជាអធិបតីចុះប្រកាសជាសាធារណៈនូវព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ Beyond The Games ដែលបានធ្វេីឡេីងនៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ​ នាថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ​ ដោយមានការចូលរួមពីតំណាងគ្រឹះស្ថានបឋមសិក្សាចំនួនជាង៤០០នាក់។

សូមជម្រាបដែរថា​ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ សម្រាប់សិស្សានុសិស្សមកពីគ្រប់សាលាបឋមសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ដើម្បីគាំទ្រដល់យុទ្ធនាការ Beyond The Games និងដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

សូមបញ្ជាក់ដែរថា​ ក្រសួងអប់រំ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ​ ក៏បានចេញសេចក្តីណែនាំបន្ថែមដេីម្បីរៀបនូវព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ Beyond The Games​ ដែលមានខ្លឹមសារដូចនេះថា៖

* តួនាទីគណៈគ្រប់គ្រងនៃគ្រឹះស្ថានបឋមសិក្សា
១៖ ផ្សព្វផ្សាយ និងជំរុញឱ្យសិស្សានុសិស្សដែលមានទេពកោសល្យផ្នែកសិល្បៈគំនូរ បានចូលរួមគូរគំនូរតាមប្រធានបទណាមួយក្នុងចំណោមប្រធានបទទាំង៣ មានដូចជា ១. សេចក្ដីស្រឡាញ់រួមគ្នាសម្រាប់ប្រទេសជាតិនិងមាតុភូមិ។ ២. ស្មារតីកីឡា នាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព។ ៣. កីឡាដែលប្អូនចូលចិត្ត និងការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេម ។

២៖ រៀបចំទីតាំងថ្នាក់រៀន ឬបន្ទប់បណ្ណាល័យសមស្របដែលសិស្សានុសិស្សអាចអង្គុយគូរគំនូរ និងផ្តល់លទ្ធភាព និងមធ្យោបាយ (ក្រដាសគូររូប ខ្មៅដៃពណ៍ទឹកថ្នាំពណ៍ បន្ទាត់ ជ័រលុប ...) តាមលទ្ធភាពជាក់ស្តែង ជូនដល់សិស្សានុសិស្សដែលត្រូវការចាំបាច់

៣៖ សហការប្រមូលកិច្ចការគំនូរ និងជ្រើសរើសគំនូរដែលសមស្របតាមអត្ថន័យ និងខ្លឹមសារនៃប្រធានបទទាំង៣ របស់ព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារ ចំនួន៣ ឬ៥ផ្ទាំង ក្នុងប្រធានបទនីមួយៗ ឬតាមការចាំបាច់ ដើម្បីប្រគល់ជូនការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ តាមកាលបរិច្ឆេទកំណត់

៤៖ ពិនិត្យលទ្ធភាពជាក់ស្តែង ក្នុងការផ្តល់លិខិតសរសើរ ឬរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារ។

* តួនាទីលោកគ្រូ អ្នកគ្រូ តាមថ្នាក់រៀន
១៖ ពន្យល់ពីអត្ថន័យនៃប្រធានបទនីមួយៗ បណ្តុះផ្នត់គំនិត និងបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្ស ឱ្យបានទូលំទូលាយបន្ថែមទៀត ពាក់ព័ន្ធភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។

២៖ ណែនាំបន្ថែមដល់សិស្សានុសិស្ស នូវចំណុចសំខាន់នៃពាក្យថា «លើសពីការប្រកួតកីឡា» គឺលើសពីការដណ្តើមយកចាញ់-ឈ្នះ ក្នុងទីលានប្រកួតកីឡា ប៉ុន្តែសិស្សានុសិស្សនិងប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមក្នុងស្មារតី «បេះដូងលោតក្នុងចង្វាក់តែមួយ» ដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះជាតិនិងមាតុភូមិ

៣៖ រៀបចំពេលវេលាដើម្បីឱ្យសិស្សអាចគូររូបនេះនៅក្នុងថ្នាក់រៀន ហើយបំផុសសិស្សានុសិស្សឱ្យបន្តគូររូបនេះនៅផ្ទះរៀងៗខ្លួន ដោយមានការជួយកែលម្អ និងផ្តល់គំនិតបន្ថែមពីមាតាបិតានិងអាណាព្យាបាល

៤៖ លើកទឹកចិត្តឱ្យមាតាបិតានិងអាណាព្យាបាល ជួយផ្សព្វផ្សាយសកម្មភាពគូររូប របស់កុមារ នៅលើបណ្តាញទំនាក់ទំនងសង្គម តាមគ្រប់លទ្ធភាព៕