(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានពិភាក្សា និងពិនិត្យលទ្ធភាពរួមគ្នា បញ្ជូនថាមពលអគ្គិសនីពីឡាវឆ្លងកាត់កម្ពុជា លក់ទៅឲ្យសិង្ហបុរី។

នេះបើតាមការលើកឡើងរបស់លោក សុខ​ ចិន្តា​សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល២ថ្ងៃនៅប្រទេសឡាវ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក សុខ ចិន្ដាសោភាព បានថ្លែងថា ឆ្នាំ២០២៣-២០២៤ ជាគម្រោងកម្ពុជានឹងនាំចូលថាមពលអគ្គិសនីពីប្រទេសឡាវ នូវបរិមាណកាន់តែកើនឡើង ព្រោះកម្ពុជាបានព្យាករណ៍ថា សេដ្ឋកិច្ចខ្លួននឹងកាន់តែមានការរីកលូតលាស់ ដូច្នេះការផ្គត់ផ្គង់ក៏កើនមានឡើង ឆ្លើយតបនឹងកំណើននៃតម្រូវការទាំងនោះ។

លោករដ្ឋមន្ត្រីបានបន្ដថា «មិនត្រឹមតែនាំអគ្គិសនីរបស់ឡាវ មកលក់នៅកម្ពុជាប៉ុណ្ណោះទេ ការពិភាក្សារវាងនាយករដ្ឋមន្រ្ដីទាំងពីរ (កម្ពុជា-ឡាវ) គឺប្រទេសឡាវអាចពិនិត្យពិភាក្សាជាមួយកម្ពុជា ក្នុងការបញ្ជូនការផលិតអគ្គិសនីនៅប្រទេសឡាវ ឆ្លងកាត់កម្ពុជា លក់ទៅឲ្យសិង្ហបុរី ទៀតផង។ បច្ចុប្បន្ននេះ អគ្គិសនីឡាវបានឆ្លងកាត់ប្រទេសថៃ ដើម្បីលក់ដល់ប្រទេសម៉ាឡេស៊ី ។ ការបញ្ជូនអគ្គិសនីពីប្រទេសឡាវ ទៅកាន់ប្រទេសមួយ ដែលមិនជាប់ប្រទេសខ្លួន គឺបានធ្វើរួចរាល់មកហើយ។ ដូច្នេះកិច្ចសហប្រតិបត្តិការនេះ ជាអ្វីដែលប្រទេសនៅក្នុងតំបន់បានកសាង ក្នុងស្មារតីជាសមាជិកនៃអាស៊ាន ប្រទេសមួយសម្បូរបែប នៅពេលប្រទេសដទៃទៀត មានតម្រូវការ ដូច្នេះអាចធ្វើការជួញដូរគ្នាទៅវិញទៅមក»។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលរវាងកម្ពុជា-ឡាវ នឹងមានការជំរុញបន្ថែម ដោយកន្លងមកកម្ពុជា-ឡាវ បានចុះហត្ថលេខា ក្នុងការទិញអគ្គិសនីផលិតដោយធ្យូងថ្ម ទុកសម្រាប់ផ្គត់ផ្គង់ដល់ប្រទេសកម្ពុជា ចំណែកអគ្គិសនីដែលកម្ពុជា បាននិងកំពុងទិញពីប្រទេសឡាវសព្វថ្ងៃនេះ ជាអគ្គិសនីដែលផលិតដោយវារីអគ្គិសនី៕