(ត្បូងឃ្មុំ)៖ ថ្លែងចេញពីទីតាំងទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ លោកនឹងរៀបចំតំបន់ទន្លេស្ងួត ដែលមានផ្ទៃដី១៤ហិកតា ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។

ជាមួយគ្នានេះដែរ លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ការរៀបចំដាំផ្កាស្បៃរឿងចំនួន១លានដើមនេះនឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកបានបន្តថា ប្រវត្តិសាស្ត្រវត្តព្រះធាតុនេះ មានអាយុកាលយូរលង់ណាស់មកហើយ ទីតាំងនេះត្រូវក៏ជាទីគោរពសក្ការៈរបស់ព្រះមហាក្សត្រគ្រប់ៗអង្គនាសម័យនោះរួមស្ដេចកន ដែលជាក្សត្រខ្មែរមួយព្រះអង្គ សោយរាជ្យ ក៏បានមកបន់ស្រន់ សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។ ចាប់បីពេលនោះមក វត្តព្រះធាតុបាស្រី បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក។

លោក អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីតាំងវត្តព្រះធាតុនេះហៅថា ទន្លេស្ងួតដែលមានផ្ទៃដី ១៤ហិកតា ទីតាំងនេះគឺជាទីតាំងប្រវត្តិសាស្ត្រ អត់មានធ្វើអីទេ គឺទុកចោលឱ្យនៅទំនេរ ដោយឡែកនៅពេលដែលក្រុមការងារចុះជួយស្រុកអូររាំងឪ មកក៏បានកត់សម្គាល់ថាទីតាំងនេះជាទីតាំងប្រវត្តិសាស្ត្រ ហើយអាចកែច្នៃតំបន់នេះឱ្យក្លាយទៅជាទីតាំងអាចទទួលទេសចរបាន នៅពេលនេះក្រុមការងារបានរៀបចំដាំផ្កាស្បៃរឿង ១លានគុម្ព លើផ្ទៃដីទន្ទឹង៣ម៉ែត្រ និងបណ្តោយ ១,៥គីឡូម៉ែត្រ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី»

បន្ថែមពីនេះ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្រៅពីរៀបចំដាំផ្កាស្បៃរឿង ក្រុមការងារចុះមូលដ្ឋានក៏បានរៀបចំផ្លូវនៅលើទំបន់ទន្លេស្ងួត ដើម្បីទទួលភ្ញៀវទេសចរមកកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីដែលជាជំហានដំបូង ហើយជំហានបន្ទាប់ទៀតនឹងដាំដើមឫស្សីផ្អែម មានម្លប់សម្រាប់ក្លាយជាតំបន់ទេសចរណ៍រយៈពេលវែង។ ជាពិសេសផ្តល់ជាផលទំពាំងសម្រាប់ប្រជាជននៅតំបន់នេះអាចដកហូតធ្វើម្ហូបអាហារពិសារ និងដើមចាស់ៗអាចយកទៅធ្វើសម្ភារផ្សេងៗជាដើម។

លោកបានថ្លែងថា៖ «ហើយគោលបំណងរបស់ខ្ញុំនៅថ្ងៃមុខហ្នឹង បើមានឱកាសនឹងកែប្រែទន្លេស្ងួតដែលមានផ្ទៃដី ១៤ហិកតាហ្នឹងឱ្យក្លាយជាកន្លែងទេសចរណ៍ ឱ្យកាន់តែធំឡើងបន្ថែមទៀត ដោយមានរចនាផ្លូវខ្វាត់ខ្វែង មានសួនច្បារ ដើមឈើល្អប្រណិតនៅក្នុងហ្នឹងជាមួយនឹងកន្លែងចិញ្ចឹមត្រី ដែលទេសចរមកពីទីជិត ទីឆ្ងាយអាចមកកម្សាន្តនៅហ្នឹងបាន។ ទន្ទឹមហ្នឹងក៏មានបំណងធ្វើឱ្យតំបន់វត្តព្រះធាតុ ដែលជាវត្តប្រវត្តិសាស្ត្ររបស់យើងមានកិត្តិស័ព្ទឡើងវិញ និងមានសោភ័ណភាព ព្រមទាំងមានបរិស្ថាន ដែលជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋនៅស្រុកអូររាំងឪនេះ»

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ការរៀបចំឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនេះ នឹងបានពង្រឹងជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី។ ជាមួយគ្នានេះ ក្រុមការងារបានរៀបចំហេដ្ឋរចនាសម្ព័ន្ធនៅកន្លែងដាំផ្កាស្បៃរឿង ដែលផ្តល់ផ្តល់ប្រយោជន៍ដូចជាទីន្លែងស្តុកទឹក យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្មផងដែរ។

លោក ទ្រី ពៅ មេឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបានលើកឡើងថា «ទីតាំងការដ្ឋានដាំផ្កាស្បៃរឿង ជាប់និងទន្លេស្ងួត នេះគឺជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ។ ឯកឧត្តមបានដែលបានចង្អុលបង្ហាញឱ្យអាជ្ញាធរចូលរួមកែលម្អទីតាំងប្រវត្តិសាស្រ្ត ជារម្មណីយដ្ឋានស្រស់ស្អាត ទុកជូនសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងចូលឆ្នាំខ្មែរនៅពេលខាងមុខនេះ»

អ្នកស្រី វណ្ណា រី ជាប្រជាពលរដ្ឋនៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលមូលដ្ឋានឃុំព្រះធាតុ ជាពិសេសនៅក្នុងស្រុកអូររាំងឪ បានទទួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា និងជួយដោះស្រាយការលំបាក និងពង្រឹងជីវភាពប្រជាពលរដ្ឋជាប្រចាំ។ ជាមួយគ្នានេះ សមិទ្ធផលថ្មីនៃក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪនឹងជួយឱ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្តដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរមកពីទីជិតឆ្ងាយ ហើយនឹងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា នៅក្នុងខាងមុខវត្តព្រះធាតុបាស្រីអមសងខាងផ្លូវចូលវត្តមានគ្រឹះបា្រសាទបុរាណ ចំនួន២ ដែលសាងសង់អំពីថ្មបាយក្រៀម ហើយផ្នែកខាងស្ដាំដៃ គេហៅថាវិហារគុក និងផ្នែកខាងឆ្វេងដៃហៅថា វិហារព្រះនិពាន្ដ។ ចំណែកនៅក្នុងបរិវេណវត្តព្រះធាតុបាស្រីមានប្រាសាទបុរាណមួយកសាងឡើងអំពីថ្មភក់ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ សង់រាងជាការេដែលមានទំហំ ១៥ម៉ែត្រ គុណ១៥ម៉ែត្រ កម្ពស់៣៣ម៉ែត្រ។ វិសាលភាពប្រាសាទពីលិចទៅកើតប្រវែង ១,២៥០ម៉ែត្រ ពីត្បូងទៅជើងប្រវែង ៣០០ម៉ែត្រ៕