(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក នុត ពុធដារ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ២២០នាក់ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកប្រធានបានធ្វើការលើកឡើងថា៖ គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិចាប់តាំងពីថ្ងៃជ័យជម្នះ ៧មករា ដោយកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាលំដាប់ ពិសេសបាននាំយកនូវសន្តិភាពពេញបរិបូរណ៍ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស រស់នៅមានភាពសុខសាន្ត និងមានជីវភាពធូរធារ។

លោក នុត ពុធដារ៉ា បានណែនាំដល់សមាជិកដែលទើបបញ្ចូលថ្មី ឱ្យអនុវត្តតួនាទីភារកិច្ច ទៅតាមលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា រួមមាន៖
១៖ ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ។
២៖ កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សច្បាប់របស់រដ្ឋដល់ប្រជាជន។
៣៖ ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាលជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន។
៤៖ ខិតខំរៀនសូត្រលើកកំពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ ។

តំណាងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីទាំង ២២០នាក់ បានធ្វើការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណ្ណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

គណៈអធិបតីក៏បានឧបត្ថម្ភដល់សមាជិកសមាជិកថ្មីទាំងអស់ ក្នុងម្នាក់ៗ អាវ១ មួក១ និងថវិកា ២០.០០០រៀលផងដែរ៕