(ភ្នំពេញ)៖ សមាជិក សមាជិកា គណៈគាំទ្រ និងសប្បុរសជន នៃ «សមាគមមិត្តអ្នកបញ្ចូលសំឡេង» ភាពយន្តជាភាសារខ្មែរ ដែលមហាជនទូទៅធ្លាប់បានត្រឹមតែស្តាប់សំឡេងតែមិនដែលបានស្គាល់មុខ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀចំពិធីជួបជុំគ្នា នៅភោជនីយដ្ឋានខ្យល់ទន្លេ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ស្ថានភាពថវិកា និងដើម្បីរិះរកមធ្យោបាយជួយដោះស្រាយ ឧបត្ថម្ភគាំទ្រដល់សមាជិក សមាជិកាសមាគមជាបន្តទៅទៀត។

ក្នុងរយៈពេល៣ឆ្នាំ ៤ខែបន្ទាប់ពីសមាគមមិត្តអ្នកបញ្ចូលសំឡេង ត្រូវបានក្រសួងមហាផ្ទៃចុះឈ្មោះទទួលស្គាល់ជាផ្លូវការតាមរយៈសេចក្តីសម្រេចលេខ៩៦០៧ ប្រ.ក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩មក សមាគមមិត្តអ្នកបញ្ជូលសំឡេងបានដំណើរការការងាររបស់ខ្លួន ដោយបានជួយឧបត្ថម្ភគាំទ្រដល់សមាជិក សមាជិកាដែលមានជំងឺសម្រាកព្យាលនៅមន្ទីរពេទ្យបានចំនួន៣២នាក់។

បន្ថែមពីនេះ សមាគមបានជួយឧបត្ថម្ភដល់គ្រួសារសពរបស់សមាជិក ដែលបានទទួលមរណភាពចំនួន២នាក់ ក្នុងចំណោមសមាជិកសុបចំនួន៦៨នាក់ ដោយចំណាយថវិកាសរុបអស់ចំនួន១១,០៧៥ដុល្លារ។

ជាមួយនេះ សមាគមមិត្តអ្នកបញ្ចូលសំឡេង ក៏បានរួមគ្នាចូលរួមជួយសង្គមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន២,០២៥ដុល្លារផងដែរ។

តាមការឲ្យដឹងពីលោក ចំរើន វ៉ាន់ថា ប្រធានសមាគមមិត្តអ្នកបញ្ចូលសំឡេង ថវិកាទាំងនេះបានមកពីការចូលរួម ជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជន គណៈគាំទ្រ និងការបង់ភាគទានរបស់សមាជិក សមាជិកា សមាគមប្រចាំខែ។

លោក ចំរើន វ៉ាន់ថា បានអំពាវនាវគោរពស្នើសុំការជួយឧបត្ថម្ភ គាំទ្រពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសពិសេសអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អគ្គនាយក អគ្គនាយិកា វិទ្យុនិងទូរទស្សន៍នៅក្នុងប្រទេស ដើម្បីជួយសម្រាលបន្ទុកខ្វះខាតរបស់សមាជិក សមាជិកាសមាគមមិត្តអ្នកបញ្ចូលសំឡេង។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីជួបជុំនេះ ដោយទទួលបានការជួយឧបត្ថម្ភពីគណៈគាំទ្រ សប្បរសជន សមាជិក សមាជិកាសមាគម ក៏មានរៀបចំពិធីទទួលទានអាហារសាមគ្គីដើម្បីបង្កើនមិត្តភាពជាភាតរៈផងដែរ៕