(ភ្នំពេញ)៖ លោក អៀង សុធារ៉ា អាជីវករដែលល្បីឈ្មោះក្នុងការយកទ្រឹស្តីពុទ្ធសាសនា ទៅអនុវត្តនៅក្នុងក្រុមហ៊ុនអាជីវកម្មរបស់ខ្លួន បានពោលបញ្ជាក់អំពីភាពចាំបាច់របស់អាជីវករទាំងអស់ ដែលត្រូវថែរក្សាសុខភាព បង្កើនសមត្ថភាព និងលើកតម្កើងគុណធម៌ របស់ខ្លួននិងក្រុមហ៊ុនរបស់ខ្លួន ដើម្បីទទួលបាននូវគោលបំណងក្នុងជីវិតតាមបែបព្រះពុទ្ធសាសនា ៣ប្រការគឺ ១) ការរចម្រើនលូតលាស់នូវចំណូលនិងចំណេញ ២) ការប្រើប្រាស់ទ្រព្យនិងចំណេញឲ្យបានជាប្រយោជន៍ដល់ខ្លួនឯង សង្គមជាតិ និងធម្មជាតិ និង ៣) សេចក្តីសុខសន្តិភាព ទាំងខាងផ្លូវកាយនិងផ្លូវចិត្ត នៅក្នុងឱកាសកម្មវិធីបិទវគ្គអាជីវកម្មសម្មាមគ្គជំនាន់ទី២ (២២រូប) និងបើកបវេសនកាលជំនាន់ទី៣(គម្រោង ៣០រូប) នៅរមណីយដ្ឋានភូមិត្នោតជ្រំ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១១៤ នាថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៣។

កម្មវិធីនេះ ស្ថិតនៅក្រោមព្រះអធិបតីភាពសម្តេចព្រះធម្មលិខិតសៅរ៍ ចាន់ថុល ព្រះរាជាគណៈថ្នាក់ឯកឧត្តមប្រឹក្សាគណមហានិកាយ និងជាព្រះតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះពោធិវ័ង្សគតិបណ្ឌិតអំ លីម ហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះភិក្ខុសង្ឃជាព្រះរាជាគណៈអមដំណើរចំនួន១០ព្រះអង្គ ផងដែរ។ អ្នកចូលរួមមាន សិក្ខាកាមជំនាន់ទី២ ជំនាន់ទី១ ជំនាន់ទី៣ គ្រូឧទ្ទេសទាំងបួនរូប និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះដែរ បណ្ឌិតម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាគ្រូបង្គោលមួយរូបផងដែរ បានសម្តែងនូវមោទកភាព ដែលសិស្សអាជីវកម្មទាំងអស់ បានយកទ្រឹស្តីអាជីវកម្មតាមបែបពុទ្ធសាសនា ទៅអនុវត្តក្នុងជីវិតនិងការងារប្រចាំថ្ងៃរបស់ខ្លួន បានទទួលជោគជ័យគួរឲ្យកត់សម្គាល់។ ចំណែកតំណាងសិក្ខាកាមពីររូបនៃជំនាន់ទី២ ទាំងស្ត្រីនិងបុរស ក៏បានបង្ហាញពីភាពរីករាយរបស់ខ្លួន និងការផ្លាស់ប្តូរចិត្ត គំនិត និងសកម្មភាពរបស់ខ្លួនជាវិជ្ជមានកាន់តែប្រសើរ បន្ទាប់ពីបានរៀនវគ្គសិក្សាអាជីវកម្មសម្មាមគ្គ ហើយនិងបានលើកទឹកចិត្តឲ្យមិត្តភក្តិ៍របស់ខ្លួនចូលមកសិក្សាវគ្គទី៣ ដែលនឹងចូលរៀននៅថ្ងៃទី ៤មីនា ២០២៣ ខាងមុខនេះ។

និមន្តថ្លែងសុន្ទរពេចន៍មុនការប្រគល់សក្ខីបត្របញ្ជាក់ការសិក្សា ដែលមានកម្មវិធីរៀនផ្ទាល់នៅនឹងផ្ទះអាជីវកម្មសម្មាមគ្គចំនួន ១២ថ្ងៃ ក្នុងកំឡុង៦ខែ និងតាមប្រព័ន្ធអនឡាញ ១២លើកផងដែរនេះ សម្តេចព្រះធម្មលិខិត បានកោតសរសើរចំពោះការដែលមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍អៀង សុធារ៉ា និងក្រុមគ្រូឧទ្ទេសក៍ អាចនាំគោលធម៌របស់គ្រហស្ថជាពុទ្ធសាសនិកគឺ ទាន សីល ភាវនា ដែលសម្តែងដោយព្រះសម្មាសម្ពុទ្ធ យកមកធ្វើជាគ្រឹះអាជីវកម្មសម្រាប់បង្កើនទ្រព្យ បង្កើតប្រយោជន៍ និងបំពេញសេចក្តីសុខ ដល់អាជីវករទាំងឡាយ បានដោយងាយស្តាប់និងងាយធ្វើបាន។ ព្រះអង្គបានមានថេរដិកាទៀតថា មានតែការធ្វើអាជីវកម្មតាមសម្មាអាជីវោនោះទេ ទើបធ្វើឱ្យយើងបានសុខសប្បាយជាប្រក្រតី បានញញឹមជាប្រក្រតី ហើយគ្មានសោយសេចក្តីសុខលើគំនរទុក្ខអ្នកណា ព្រោះសម្មាអាជីវោ បានបញ្ជាក់ច្បាស់ថា ការចឹញ្ចឹមជីវិតដោយប្រពៃ ហើយបើកាលណាយើងចង់ចឹញ្ចឹមជីវិតដោយប្រពៃនោះ គឺយើងត្រូវវៀរចាកជំនួញណា ដែលបានប៉ះពាល់ជីវិតអ្នកដទៃ ប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ជាអាជីវកម្មគ្រប់គ្រងដោយច្បាប់ និងធម៍ដ៏ប្រពៃ និងបានត្រៀមនូវអ្វីដែលទទួលបានតាមរយៈអាជីវកម្មរបស់ខ្លួន បានតិចយកតិច បានច្រើនយកច្រើន ហើយក៏ត្រូវមានការចេះចែករំលែកទៅកាន់អ្នកដ៏ទៃដែលត្រូវការផងដែរ។

បន្ទាប់ពីបានទទួលសក្ខីបត្រពីសម្តេចព្រះធម្មលិខិតហើយ អ្នកចូលរួមទាំងអស់ក៏បានទទួលឱវាទជាបន្តអំពីព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រងសាកលវិទ្យាល័យព្រះសីហុនរាជគ្រប់សាខា ស្តីអំពីសារៈសំខាន់នៃសេចក្តីសុខផ្លូវចិត្តក្នុងបរិបទសង្គមដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន និងការថែររក្សាចិត្តរបស់ខ្លួនឲ្យមានសន្តោស គឺការពេញចិត្តនឹងអ្វីដែលខ្លួនរកបានមកប្រកបដោយសុចរិតធម៌ មិនលោភលន់ហួសប្រមាណ ដែលនឹងនាំឲ្យដួងចិត្តល្អក់កករ ដូចទឹកដែលមានធូលីលាយឡំ និងសម្រាមវិលកួចជាមួយ។

កម្មវិធីបានបញ្ចប់ ដោយការថ្លែងនូវអំណរព្រះគុណ ប្រកបដោយកតញ្ញូតាធម៌ របស់មហាឧបាសកអៀង សុធារ៉ា ចំពោះការយកព្រះទ័យទុកដាក់គាំទ្រ របស់គណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអំពីសម្តេចព្រះពោធិវ័ង្សគតិបណ្ឌិតអំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសកម្មភាពជាកុសលទាំងឡាយ របស់មហាឧបាសកក្នុងការទ្រទ្រង់ និងផ្សព្វផ្សាយព្រះពុទ្ធសាសនា។ បន្ទាប់មក ក៏មានការប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងការទទួលទានអាហារសុខភាពជុំគ្នា ប្រកបដោយបរិយាកាស រីករាយយ៉ាងក្រៃលែង៕