(កំពង់ចាម)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ម.ស.ម.ក (CMAC) បានផ្តួចផ្តើមរៀបចំឲ្យមានការប្រកួតកីឡាបាល់ទាត់មួយ ដើម្បីអបអរសាទរដល់ការប្រកាសអស់គ្រាប់មីនក្នុងខេត្តកំពង់ចាមនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ការប្រកួតកីឡាបាល់ទាត់នេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។

លោក មួន វាសនា ទីប្រឹក្សាសម្ដេចអគ្គពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម (UME) បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរការប្រកាសអស់គ្រាប់មីន ក្នុងខេត្តកំពង់ចាម នេះ គឺរៀបចំធ្វើឡើង ក្រោយពីទទួលបានការឧបត្ថម្ភគាំទ្រ ពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ម.ស.ម.ក (CMAC) លោក ហេង រតនា ដែលអនុញ្ញាត ឲ្យសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សហការជាមួយ និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង នឹងបន្តសហការរៀបចំការប្រកួតបាល់ទាត់ជាមួយខេត្ត ផ្សេងៗទៀត ទៅតាមកាលវិភាគប្រកាសខេត្តគ្មានគ្រាប់មីន ដោយការរៀបចំចូលរួមមានក្រុមកីឡាបាល់ទាត់បុគ្គលិក CMAC នៅតាមបណ្តាខេត្ត, ក្រុមបាល់ទាត់ ស ស យ ក តំណាងតាមខេត្ត , ក្រុមបរទេសចំរុះជាតិសាសន៍ មកពីបណ្តាស្ថានទូត នានា , ក្រុមបាល់ទាត់វិទ្យាល័យតំណាងតាមខេត្ត និង ក្រុមបាល់ទាត់សាកលវិទ្យាតំណាងតាមខេត្តផងដែរ។

លោក មួន វាសនា ឲ្យដឹងផងដែរថា ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានខិតខំរិះរកគ្រប់មធ្យោបាយសម្រាប់អង្គភាពរបស់ខ្លួនក្នុងការពន្លឿនល្បឿន បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល សម្រាប់កម្ពុជាគ្មានមីនឆ្នាំ ២០២៥ ដ៏ខ្លីខាងមុខនេះ។ ផែនការឆ្នាំ ២០២៣ ដែលជាផែនទីបង្ហាញផ្លូវរបស់អង្គភាព CMAC ត្រូវបានរៀបចំឡើងដោយមានការគិតគូរម៉ត់ចត់អំពីសមត្ថភាព និងលទ្ធភាពប្រតិបត្តិការរបស់ខ្លួន ស្របតាមសភាពការណ៍សកម្មភាពមីន ជាតោ អន្តរជាតិ និងឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកសារផែនការឆ្នាំ២០២៣នេះ នឹងរំលេចអំពីផែនការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឆ្នាំ២០២៣ ស្របជាមួយ ផែនការគ្រប់គ្រងប្រតិបត្តិការ ផែនការអប់រំយល់ដឹងពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ផែនការគម្រោង ថវិកា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយកំណត់ច្បាស់អំពីផែនការសកម្មភាពគន្លឹះ ឆ្នាំ២០២៣ និងទិសដៅខាងមុខ និងការគ្រប់គ្រងហានិភ័យរបស់អង្គភាព។

លោក មួន វាសនា បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម នឹងត្រូវប្រកាសជាខេត្ត អស់មីន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ៕