(កណ្ដាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាល ស្ទឹងខេត្តកណ្ដាល បានលើកឡើងថា សមិទ្ធផលនានាកើតមានឡើងនាពេលនេះ និងនៅពាសពេញផ្ទៃប្រទេសនៅកម្ពុជា ដោយសារកត្តាប្រទេសមានសុខសន្តិភាព។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបុណ្យឆ្លង និងសម្ពោធសមិទ្ធផលនានាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងវត្តអង្គពណ្ណរាយណ៍ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសជាតិមួយមានឱកាសធ្វើការអភិវឌ្ឍពេញលេញបានស្រួល សេដ្ឋកិច្ចរីកចម្រើនមានអធិប្បតេយ្យភាព ទំនាក់ទំនងល្អជាមួយប្រទេសអភិវឌ្ឍបានល្អ ប្រជាពលរដ្ឋរស់នៅស្រួលដោយគ្មានការភ័យខ្លាចសង្រ្គាម លុះត្រាប្រទេសជាតិនោះ មានសុខសន្តិភាព។ កត្តាសុខសន្តិភាពនេះហើយ គឺជាកត្តាចម្បងបំផុតក្នុងការមានឱកាស សម្រាប់ធ្វើការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានសង្កត់ធ្ងន់ថា តម្លៃនៃសន្តិភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ។ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅរបស់យើង។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានរំលឹកថា ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទេសក៍ឯកសន្តិភាព បានធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស ២៣តុលា មានការបង្រួមបង្រួមជាតិឯកភាពជាតិបញ្ចប់សង្រ្គាម អង្គការចាត់តាំងខ្មែរក្រហម ត្រូវរលាយកងទ័ពស្ថិតក្រោមរដ្ឋធម្មនុញ្ញតែមួយគ្មាន តំបន់ត្រួតត្រាពីរបានដឹកនាំប្រទេស ឈានឆ្ពោះទៅរកសុខសន្តិភាព និងអភិវឌ្ឍន៍ទូទាំងប្រទេសរហូតមកដល់សព្វថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែបានសង្រ្គោះប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យរស់រានមានជីវិតជាថ្មីចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតប៉ុណ្ណោះទេ សម្ដេចទាំងទ្វេបានគិតគូរពីសុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនដែលរត់ចោលប្រជាពលរដ្ឋនៅពេលជួបការលំបាក។ ជាក់ស្ដែងនៅក្នុងអំឡុងពេលការរាលដាលខ្លាំងជំងឺកូវីដ១៩ ជាសកលសម្ដេចបានស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្ត និងបានបញ្ជាទិញវ៉ាក់សាំងយ៉ាងច្រើនលើសលប់ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានដាក់ចេញនូវគោលនយោបាយជួយឧបត្ថម្ភថវិកា ជូនដល់កម្មកររោងចក្រ និងប្រជាពលរដ្ឋក្រីក្ររហូតដល់សព្វថ្ងៃនេះ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី បានប្រគេនដល់វត្តអង្គពណ្ណរាយ មានគ្រឿងឧបភោគ-បរិភោគ ស៊ីម៉ង់២០តោន និងបច្ច័យ ចំនួន១ម៉ឺន ៦ពាន់ដុល្លារ សម្រាប់បន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត។ ព្រមទាំងបាននាំយកអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតា លោកយាយជី ក្រុមប្រឹក្សាស្រុក ឃុំ លោកគ្រូ អ្នកគ្រូ យុវជន ប្រជាពលរដ្ឋ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕