(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាល និងប្រគល់សេចក្តីសម្រេចជូន អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ចំនួន១៩រូបបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខនេះ។

លោក ចាន់ កុលបុត្របាន ថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុកពីសំណាក់ លោកស្រីកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងដែលជានិច្ចកាលលោកស្រីតែងតែនឹករលឹកដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀងក៏ដូចជានៅឃុំពងទឹកហើយទីណាមានទុក្ខលំបាក ទីនោះពិតជាមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយបានទាន់ពេលវេលាផងដែរ។

លោកចាន់ កុលបុត្រ ក៏បានណែនាំដល់ក្រុមការងារ និងសមាជិកបក្សទាំងអស់ ត្រូវរួមគ្នាសម្រួចឆន្ទៈ ប្ដេជ្ញាបម្រើបក្ស បម្រើផលប្រយោជន៍ប្រជាជន ដោយភាពស្មោះត្រង់បំផុត។ព្រមទាំងមានឧត្តមគតិស្មោះត្រង់អស់ពីចិត្តពីថ្លើមចំពោះគណបក្ស បន្តអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្សប្រជាជនកម្ពុជា និងអនុវត្តឱ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ព្រមទាំងកម្មវិធីគោលនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់នូវតួនាទី គោលជំហរស្មារតីសតិអារម្មណ៍ ស្នេហាជាតិ មាតុភូមិនិងប្រជាជន។

លោកបានបន្តថា សមាជិកបក្សត្រូវប្ដេជ្ញាចូលរួមថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានារបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ បន្ថែមលើសពីនេះសមាជិកបក្សទាំងអស់ត្រូវបបន្តធ្វើអំពើល្អ ពង្រឹងចាស់ ពង្រីកថ្មី រួមគ្នាឱ្យបានសកម្មថែមទៀត ក្នុងស្មារតីការពារទប់ស្កាត់ចលនាបំផុសបំផុល ការធ្វើបដិវត្តន៍ពណ៌ សំដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវធ្វើសកម្មភាព ឱ្យបានគ្រប់បែបយ៉ាង ដើម្បីបម្រើគណបក្ស និងផលប្រយោជន៍ប្រជាជនប្រកបដោយនិរន្តរភាព នៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់រាល់ការបោះឆ្នោតទាំងអស់។

ព្រមជាមួយគ្នានេះ លោកក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យបន្ថែមទៀត ជាពិសេសត្រូវពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងគណនីយភាព ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាផងដែរ៕