(កំពង់ឆ្នាំង)៖ លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងក្រុមគ្រួសារ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានបរិច្ចាគថវិកាចំនួន៥០០ដុល្លារ សម្រាប់ជាវស៉ីទែនទឹកមួយ ចំណុះ៣,០០០លីត្រ ដើម្បីប្រគេនព្រះសង្ឃគង់នៅវត្តគិរីវង្កត ហៅវត្តភ្នំរាប់បាត្រ ស្ថិតក្នុងឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សម្រាប់រក្សាទុកទឹកក្នុងប្រើប្រាស់តាមស្ថានភាពជាក់ស្ដែង។

ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ថវិកាចំនួន៥០០ដុល្លារ ដែលជាទឹកចិត្តសប្បុរសរបស់លោក គឹម រ័ត្នណារិន បន្ទាប់ពីចាត់ចែងទឹកស៉ីទែននេះហើយនោះ នៅសល់ប៉ុន្មានក្រុមការងារបានប្រគេនព្រះសង្ឃអធិការទាំងអស់តែម្ដង។

ព្រះសង្ឃអាចារ្យ គណៈកម្មាការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តគីរីវង្កត ហៅវត្ត (ភ្នំរាប់បាត្រ) ទាំងអស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យសិរីបវរ និងសូមឲ្យបារមីស័ក្តសិទ្ធដែលនៅចាំថែរក្សាទីអារាមខាងលើនេះ សូមតាមជួយថែរក្សា លោក គឹម រ័ត្នណារិន និងភរិយា ព្រមទាំងបុត្រ ជួបតែសេចក្តីសុខសេចក្តីចម្រើន មានសុខភាពល្អ និងសម្រេចបាននៅរាល់ភារកិច្ច។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បណ្ដាញព័ត៌មាន Fresh News បានផ្សព្វផ្សាយនូវខ្លឹមសារអត្ថបទមួយ ដែលព្រះសង្ឃគង់នៅវត្តគិរីវង្គត ហៅវត្តភ្នំរាប់បាត្រ ស្ថិតនៅក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានសង្ឃដីការអំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរសជនជួយជាវធុងទឹកសម្រាប់តម្កល់ទឹក ទុកប្រើប្រាស់ ដោយសារតែថ្មីៗនេះអាងទឹកដែលធ្លាប់ប្រើប្រាស់កន្លងមក លេចហូររហូតជួសជុលមិនជាប់ មិនអាចតម្កល់ទឹកទុកប្រើប្រាស់បាននោះឡើយ។

ក្រោយការផ្សព្វផ្សាយ ក៏មានសប្បុរសជនជាច្រើន បានធ្វើការទំនាក់ទំនងមកដើម្បីចូលរួមថវិកាជាវស៉ីទែនទឹកនេះ ក្នុងនោះរួមទាំងលោក គឹម រ័ត្នណារិនផងដែរ៕