(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកបច្ច័យចំនួន៥០លានរៀល ទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យផ្ការស្មីសាមគ្គីនៅវត្តនទីជ័យមង្គល ហៅវត្តស្ទឹងជ័យ ដើម្បីកសាងសាឡំ និងចុះពិនិត្យការសាងសង់ព្រះវិហារ និងសមិទ្ធផលនានា នៅវត្តពពេល ស្ថិតក្នុងស្រុកពញាក្រែក ដែលកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ៩០% ជាមួយនឹងគម្រោងចំណាយប្រមាណ២២ម៉ឺនដុល្លារ ហើយគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាខែមីនា ឆ្នាំ២០២៣។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងដោយក្តីមោទនភាពរីករាយចំពោះសមិទ្ធផលថ្មីៗច្រើនកើតឡើងជាបន្តបន្ទាប់ ជាពិសេសព្រះវិហារវត្តពពេលយ៉ាងថ្មីស្រឡាង បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតក្នុងពេលដ៍ខ្លីខាងមុខនេះ។

មួយគ្នានេះ លោករដ្ឋមន្ត្រី វង សូត បានអរគុណចំពោះសន្តិភាពក៏ដូចជា ការដឹងគុណចំពោះស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន ដែលជាអ្នកធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ និងរីកចម្រើនគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។

លោករដ្ឋមន្ត្រី បានបន្តថា បើគ្មានសន្តិភាព បើគ្មានវត្តមានសម្តេចទាំងទ្វេទេនោះ ប្រទេសជាតិយើងមិនមានការអភិវឌ្ឍរីកចម្រើនបែបនេះបានដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខ សន្តិភាព ឲ្យនៅគង់វង្សយូរអង្វែងដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការរីកចម្រើនជាងនេះទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងធ្វើការណែនាំឲ្យក្រុមជាងសាងសង់ ត្រូវយកចិត្តទុកដាក់ខិតខំធ្វើការ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការសាងសង់ព្រះវិហារវត្តពពេលថ្មីនេះ អោយបានរួចរាល់តាមធ្វើដែរបានព្រៀងទុក ។

សូមជម្រាបអោយបានដឹងថា ព្រះវិហារថ្មី មានខឿនក្រោមទទឹង ២៥.៣ម៉ែត្រ. បណ្តោយ ៣៥.៣ម៉ែត្រ. កំពស់០.៩ម៉ែត្រ តួវិហារទទឹង១១.៦ម៉ែត្រ បណ្តោយ២២.២ម៉ែត្រ. កំពស់ខឿន១.៣ម៉ែត្រ. កំពស់វិហារសរុប២១ម៉ែត្រ. គ្រោងចំណាយថវិកា ២២ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដឹកនាំការសាងសង់ដោយ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ហេង ពៅ៕