(ភ្នំពេញ)៖ លោកស្រី អាន ផល្លា សមាជិកាសមាគមនារីរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុសាខាសមាគមនារីខណ្ឌទួលគោក តំណាងលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រចាស់ជរា រស់នៅសង្កាត់ទឹកល្អក់ទី៣ នឹងសង្កាត់ផ្សារដើមគរ បន្ទាប់ពីលោកស្រី និងក្រុមការងារលើកទឹកចិត្ត ដល់យុវជនបក្ស ដែលស្មគ្រ័ចិត្តបរិច្ចាគឈាម ចំនួន៣នាក់ ស្មើនឹង៣ផ្លោក យកទៅជួយលោកអនុប្រធានភូមិ មានជំងឺលើសឈាមស្លាប់មួយជំហៀងខ្លួន រស់នៅក្នុងសង្កាត់បឹងសាឡាង។

បន្ថែមពីនេះ លោកស្រី អាន ផល្លា និងក្រុមការងារ តំណាងលោក ជា ពិសី បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រចាស់ជរា រស់នៅសង្កាត់បឹងកក់ទី១ នឹងសង្កាត់បឹងកក់ទី២ បន្ទាប់ពីលោកស្រីសមាជិកាសមាគមនារីរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុសាខាសមាគមនារីខណ្ឌទួលគោក បន្តចុះសួរសុខទុក្ខ និងឧបតម្ភដល់លោក ឱម សុផល មេភូមិ៨ សង្កាត់បឹងសាឡាង ដែលមានជំងឺក្រិនថ្លើម និងលើសឈាម និងកំពុងសម្រាកព្យាបាលនៅផ្ទះ។

សកម្មភាពរបស់លោកស្រី អាន ផល្លា និងក្រុមការងារពាក់ព័ន្ធតំណាងលោក ជា ពិសី បានធ្វើជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៦-១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីបណ្ដាញចលនាស្ត្រីខណ្ឌទួលគោក ជាមួយនិងក្រុមចលនាស្ត្រីសង្កាត់ និងយុវជនបក្សផងដែរ។

លោកស្រី អាន ផល្លា និងក្រុមការងារនៅក្នុងរាល់សកម្មភាពសមធម៌ទាំងឡាយជាបន្តបន្ទាប់នេះ បានបន្តជុំរុញឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកថែទាំសុខភាពឲ្យបានល្អប្រសើរ និងបន្តខិតខំប្រកបរបរទទួលទានចិញ្ចឹមជីវិត ក្រៅពីលោកស្រី ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោកមេភូមិ ពីសំណាក់លោកអភិបាលខណ្ឌទួលគោក ជា ពិសី៕