(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់កំហិតឱសាទវាទថ្មីទៀត សម្រាប់ការសូមទោសរបស់វិទ្យុ VOD មកនៅត្រឹម២៤ម៉ោងវិញ ដោយកំណត់ឱ្យសុំទោសជាសាធារណៈយ៉ាងយូរត្រឹមម៉ោង១០ព្រឹកស្អែក។

ឮតាមរយៈបណ្តាញសង្គម នៅមុននេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Pov ទាក់ទងដល់វិទ្យុ VOD ដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម២៤ម៉ោង គឺកំណត់ត្រឹមម៉ោង10.00 នាទីព្រឹកថ្ងៃ១៣ កុម្ភៈ ២០២៣វិញ។ ដើម្បីកុំឲ្យយប់យូរសុបិនច្រើន និងអន្ទន់វែងឆ្នាំងវែង ខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង10.00នាទីថ្ងៃទី១៣ កុម្ភៈ២០២៣ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។ ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ»

សម្តេចក៏បានបញ្ជាក់បន្ថែមដែរថា ស្អែកនេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទី ហើយត្រូវធ្វើកិច្ចការនេះឲ្យបានព្រោះទាំងសម្តេច, សម្តេច ស ខេង, សម្តេច ទៀ បាញ់, លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នឹងទស្សនកិច្ចនៅឡាវជាមួយគ្នា៕