(ត្បូងឃ្មុំ)៖ លោក រ៉ូហ្វី អូស្មាន តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣០០គ្រួសារ ក្នុងស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ​។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅភូមិ​វិហារ​ក្រោម​ ឃុំបឹង​ព្រួល​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ​ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខ្មែរឥស្លាម​ ជាសមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាល​រង​ស្រុក​ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងយុវជន នៃសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) ជាច្រើនរូប។

នៅក្នុងឱកាសដ៏ថ្លៃថ្លានោះ លោកបាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនដល់បងប្អូនជាទីនឹករលឹកផងដែរ។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន បាននិងកំពុងខិតខំខ្លាំងណាស់ ក្នុងការស្ដារប្រទេសឡើងវិញ ពីភាពខ្ទិចខ្ទាំ និងភាពមហន្តរាយបន្សល់ពីសម័យ ប៉ុល ពត រហូតធ្វើឲ្យកម្ពុជាមានសន្ទុះនៃសេដ្ឋកិច្ច កើនឡើងខ្ពស់ក្នុងរយៈពេលជាង ២ទសវត្ស ចុងក្រោយមកនេះ ។

នៅពេលកម្ពុជាជួបវិបត្តិ នៃជំងឺកូវីដ-១៩ ដូចបណ្ដាប្រទេសដទៃនៅលើសកលលោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានការចូលរួមពីស្ថាប័ននានា និងពលរដ្ឋផងនោះ បានជំនះនូវឧបសគ្គនេះ រហូតគ្រប់គ្រងស្ថានភាពបាន និងធ្វើឲ្យកម្ពុជា ទទួលជោគជ័យដ៏ត្រចះត្រចង់ នៃការរៀបចំប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ មានថ្នាក់ដឹកនាំប្រទេសមហាអំណាច និងថ្នាក់ដឹកនាំប្រទេសជាច្រើនបានចូលរួម និងកោតសរសើរ ពីការគ្រប់គ្រងជំងឺកូវីដ-១៩ របស់កម្ពុជា។

លោកតំណាងរាស្ត្រ បានបន្ថែមថា បន្ទាប់ពីបើកដំណើរការប្រទេសគ្រប់សកម្មភាពឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការ និងគោលដៅមួយចំនួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយការខិតខំរបស់រាជរដ្ឋាភិបាលនេះ គឺសុទ្ធសឹងតែដើម្បីផលប្រយោជន៍របស់ពលរដ្ឋកម្ពុជា ដែលជាប្រទេសមានសុខដុមរមនា នៃសាសនានានា ។

ជាមួយនេះ លោកបានអំពាវនាវដល់ពលរដ្ឋខ្មែរឥស្លាមចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យទី២៣ ខែកក្កដាខាងមុខនេះ ហើយបន្តគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ បានដឹកនាំប្រទេសបន្តទៀត រួមទាំងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ជាចុងក្រោយ លោកបានអំពាវណាវអោយយុវជនក៏ដូចជាប្រជាពលរដ្ធទាំងអស់ចូលរួមអបអរគ្រប់សកម្មភាព ដែលកម្ពុជាធ្វើជាម្ចាស់នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា អំណោយទាំងនេះទទួលបានពី អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា៕