(បន្ទាយមានជ័យ)៖ លោក គង់ ប៊ុនសិទ្ធិ ជាប្រជាកសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារមួយរូប នៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានលើកឡើងថា សម្រាប់រូបលោកជាអ្នកចិញ្ចឹមជ្រូកខ្នាតតូចដោយចិញ្ចឹមជ្រូកមេ២ ទៅ ៣ក្បាល យកកូនចិញ្ចឹមបន្តមិនមានបញ្ហាប្រឈមខ្លាំងលើតម្លៃទីផ្សារទោះ សត្វជ្រូកដែលកំពុងធ្លាក់ថ្លៃក្នុងរយៈពេលជាង២ខែ ទៅ ៣ខែមកនេះ ដោយគ្រាន់តែចំណេញតិចតួចបើឱ្យខាតមិនខាតនោះឡើយ។

គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តម្លៃនៃទីផ្សារសាច់ជ្រូក ឬក៏ជ្រូករស់កំពុងធ្លាក់ថ្លៃប្រមាណជា ៣ខែមកហើយនោះ ក៏មិនបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់កសិករចិញ្ចឹមជ្រូកកូនលក់ដែរ ដោយគ្រាន់តែចំណេញតិចមិនដូចការទិញកូនជ្រូកយកមកចិញ្ចឹមលក់ គឺរងការខាតក្នុងមួយក្បាលពី ៨ម៉ឺន ទៅ១០ម៉ឺនរៀល។

ប្រជាកសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារមួយរូប បានថ្លែងថា មូលហេតុដែលធ្វើឱ្យការចិញ្ចឹមជ្រូករបស់លោកមិនខាតដោយសារលោកមិនបានចំណាយដើមទៅទិញកូនជ្រូកយកមកចិញ្ចឹម និងបានកែច្នៃចំណីដោយមិនបានពឹងផ្អែកទាំងស្រុងលើចំណីដែលសម្រេចហើយ១០០% លក់លើទីផ្សារដែលមានតម្លៃថ្លៃនឹងឡើងរហូតនោះទេ។ សម្រាប់កូនជ្រូកដែលគាត់ចិញ្ចឹមចន្លោះពីកើតរហូតដល់លក់ក្នុងទម្ងន់ ១០០គីឡូក្រាម ត្រូវចំណាយពេល៤ខែ ហើយក្នុងការលក់កាត់ថ្លៃចំណាយអស់ក្នុងជ្រូកចំនួន ១០ក្បាល គឺចំណេញបាន ២ក្បាល។

ប្រជាកសិករចិញ្ចឹមជ្រូករូបនេះ បានបញ្ជាក់ថា ចំពោះតម្លៃបច្ចុប្បន្ន តម្លៃជ្រូក ១គីឡូក្រាម មានតម្លៃ៧,៥០០រៀល ទៅ ៧,៨០០រៀល ខុសពីប៉ុន្មានខែមុនៗ តម្លៃការលក់ ១គីឡូមានតម្លៃជាង ១ម៉ឺនរៀល។

លោកបានឱ្យដឹងទៀតថា៖ «កន្លងមកលោកក៏ធ្លាប់ទិញកូនជ្រូកយកមកចិញ្ចឹម និងប្រើចំណីស្រាប់លក់លើទីផ្សារដែរតែដោយសារតែចំណីទាំងនោះចេះតែឡើងថ្លៃរហូត និងតម្លៃជ្រូកក៏ចុះធ្វើឱ្យខាតទាំងពេលវេលា និងថវិកា គាត់ក៏ដូរមកទិញជ្រូកមេយកកូនចិញ្ចឹម និងការមើលថែបានល្អផងឃើញការទទួលបានផលចំណេញអាចផ្គត់ផ្គង់ជីវភាពបាន»។

ជុំវិញការចិញ្ចឹមជ្រូក និងតម្លៃធ្លាក់ចុះនេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា តាមការយកចិត្តទុកដាក់ពីសំណាក់ប្រធានមន្ទីរកសិកម្មខេត្ត លើការចិញ្ចឹមជ្រូករបស់ប្រជាកសិករក៏ដូចជាការិយាល័យបសុពេទ្យផ្ទាល់បានចុះជាប់ជាមួយប្រជាកសិករក្នុងការចិញ្ចឹមជ្រូកក្នុងនោះតាមការស្រាវជ្រាវដោយយកចិត្តទុកដាក់តម្លៃជ្រូកមិនត្រឹមតែថ្លាក់ចុះតែខេត្តបន្ទាយមានជ័យទេ គឺធ្លាក់ចុះទូទៅចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២មក តែបានឡើងវិញបន្តិចនៅ២ ឬ ៣ថ្ងៃនេះចំពោះជ្រូកសាច់ ចិញ្ចឹមលក្ខណៈគ្រួសារពីមួយគីឡូ ៧,៥០០រៀល មកបាន ៧,៨០០រៀលវិញ។ដោយឡែកចំពោះជ្រូកចិញ្ចឹមបែបកសិដ្ឋានជាមួយក្រុមហ៊ុន CP មានតម្លៃមួយគីឡូក្រាម ៩៣០០រៀល លក់ឱ្យក្រុមហ៊ុន។

ប្រធានការិយាល័យបសុពេទ្យរូបនេះ បានពន្យល់ថា មានន័យថា បច្ចុប្បន្ន បើប្រជាកសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារតាមការទិញកូនមកចិញ្ចឹម គឺរងការខាតពី ៧០០រៀល ទៅ១០០០រៀល ក្នុងមួយគីឡូក្រាម និយាយរួមខាតភាគច្រើនលើតម្លៃទិញកូនជ្រូក តែបើអ្នកចិញ្ចឹមកូនជ្រូកពីមេមិនខាតទេ គឺចំណេញពីមួយគីឡូក្រាម ១,០០០រៀល ទៅ ២,០០០រៀល។ ដោយឡែកចំពោះការចិញ្ចឹមបែបកសិដ្ឋានជាមួយក្រុមហ៊ុន គឺមិនដែលខាតទេដោយសារតែមាកការចុះកុងត្រា និងមានការផ្គត់ផ្គង់ពីក្រុមហ៊ុនមានន័យថាមានតែចំណេញ។

លោក ហ៊ុយ ទូច បានបន្តថា វិធានការលើវិស័យផលិតកម្មបសុព្យាបាល តាមសង្កេតការចិញ្ចឹមជ្រូកតែងតែមានបញ្ហាទីផ្សារជានិច្ចមួយឆ្នាំមានម្តងគ្រាន់តែរយៈពេលខ្លីនឹងវែងតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាវាជាមុខរបររបស់កសិករគាត់នៅតែចិញ្ចឹមហើយក្នុងនាមមន្រ្តីជំនាញបានធ្វើកិច្ចការជាមួយពួកគាត់ដោយកែលម្អរគាត់ពីការចិញ្ចឹមដោយចំណីសម្រេចលើទីផ្សារមកផ្តោតលើវត្ថុធាតុដើមដែលគាត់មានដើម្បីកាត់បន្ថយលើការចំណាយនៃការចិញ្ចឹម៕