(កំពង់ធំ)៖ លោក សៀ សុភ័ក្រ រដ្ឋលេខាក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកននាំក្រុមគ្រូគ្រីស្ទានកម្ពុជា និងពេទ្យភ្នែកកម្ពុជា ចុះពិនិត្យភ្នែក និងកាត់វ៉ែនតាជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ចំនួន១,០០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងខេត្តកំពង់ធំ។

លោក សៀ សុភ័ក្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូអំពីបញ្ហាសុខភាពភ្នែកឱ្យបានគ្រប់គ្នាៗ។

លោក សៀ សុភ័ក្រ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការរបស់សម្តេច ហ៊ុន សែន ជានិច្ចកាលតែងតែគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជានិច្ច។ ដូចនេះ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានគ្រប់គ្នាដើម្បីបង្ការជំងឺផ្សេងៗ ពិសេសត្រូវយកចិត្តទុកដាក់តាមដាន និងពិនិត្យភ្នែករបស់ខ្លួនឱ្យបានជាប្រចាំ ឬក្នុងករណីសង្ស័យ ឬមានរោគសញ្ញាពាក់ព័ន្ធនឹងភ្នែកកើតឡើង និងបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែករបស់កុមារតូចៗ កុំបណ្តោយឱ្យលេងទូរស័ព្ទ ឬលេងហ្គេមហួសកម្រិត ដែលអាចបណ្តាលឱ្យមានបញ្ហាភ្នែកនៅពេលខាងមុខ។

បើតាមលោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន ឯកទេសជំងឺភ្នែក បានលើកឡើងថា៖ «លោកបាននាំក្រុមគ្រូពេទ្យគ្រីស្ទានកម្ពុជា និងក្រុមគ្រូពេទ្យភ្នែក មកពិនិត្យភ្នែក និងផ្ដល់វ៉ែនតាដល់មន្ត្រីរាជការនៅខេត្តកំពង់ធំ ដោយបានពិនិត្យជូនដល់មន្ត្រីរាជការ និងគ្រូបង្រៀនចំនួន ១ពាន់នាក់ នេះជាសកម្មភាពដែលធ្វើជារៀងរាល់ខែ ដែលមកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺបានធ្វើជូនមន្ត្រីរាជការ និងគ្រូបង្រៀនបានជាង ២ម៉ឺននាក់ហើយ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់ក្រុមគ្រួសាររបស់លោកផ្ទាល់»។

លោកបានបន្តថា ការពិនិត្យភ្នែក និងផ្តល់វ៉ែនតាថ្ងៃនេះ មានគោលបំណងដោយសារពួកយើងជាគ្រូពេទ្យគ្រីស្ទបរិស័ទ ចង់រួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា និងបម្រើដល់ប្រទេសជាតិ ហើយគិតថាមន្ត្រីរាជការ និងគ្រូបង្រៀន គាត់ត្រូវការវ៉ែនតាជាចាំបាច់ក្នុងការសរសេរ និងការអាន និងការមើល ធ្វើឯកសារផ្សេងៗ ជារៀងរាល់ថ្ងៃ ម្យ៉ាងវិញទៀត គឺដោយសារឃើញមន្ត្រីរាជការ និងគ្រូបង្រៀន គាត់មិនសូវមានពេល ឬមិនបានវាស់ភ្នែកឱ្យត្រឹមត្រូវ គាត់ច្រើនតែទិញវ៉ែនតា នៅតាមទីផ្សារយកមកប្រើតែម្ដង។

លោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន បានឱ្យដឹងថា៖ «ក្នុងនាមលោកជាគ្រូពេទ្យឯកទេសជំងឺភ្នែក និងជាព្រះយេស៊ូ យើងចង់រួមចំណែកទិញវ៉ែនតាល្អៗជូនដល់ពួកគាត់ និងវាស់បានត្រឹមត្រូវ មិនមែនចេះតែយកៗទេ គឺយើងមានម៉ាស៊ីនកុំព្យូទ័រវាស់ដឺក្រេត្រឹមត្រូវ ហើយនិងផ្ដល់វ៉ែនតាត្រឹមត្រូវដល់គាត់ និងចង់ឱ្យគាត់មានវ៉ែនតាត្រឹមត្រូវ អាចធ្វើការងារ សរសេរឯកសារបាន ជាមន្ត្រីភូមិ ឃុំ គ្រូបង្រៀន ងាយស្រួលបំពេញការងារប្រចាំថ្ងៃរបស់គាត់ ទាំងជិតទាំងឆ្ងាយ ព្រោះគាត់ត្រូវការវ៉ែនតាជាចាំបាច់»។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន បានបន្ថែមថា ការផ្ដល់វ៉ែនតានេះសំដៅលើវ៉ែនតាម្ញ៉ូបឆ្ងាយ និងម្ញ៉ូបជិត ម្ញ៉ូបអានអក្សរ និងម្ញ៉ូបសម្រាប់មើលឆ្ងាយមិនគិតចាស់ក្មេងនោះទេ ប៉ុន្តែ ដោយឡែកចំពោះប្រជាពលរដ្ឋដែលគាត់មានបញ្ហាឡើងបាយ ឬមានបញ្ហាកន្ទុយថ្លែន ដាក់វ៉ែនតាមិនភ្លឺទេ។

លោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋផង បញ្ហាជំងឺឡើងបាយ កន្ទុយថ្លែន មិនអាចវ៉ែនតាដាក់ជួយឱ្យភ្លឺទេ ហើយក៏មិនមានថ្នាំបន្ដក់ ថ្នាំលេបណាមានប្រសិទ្ធភាពអាចព្យាបាលឡើងបាយ កន្ទុយថ្លែនបាននោះដែរ។ ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកនៅក្បែរផ្ទះរបស់គាត់ ដើម្បីអាចប្រឹក្សាយោបល់ថា តើព្យាបាលយ៉ាងម៉េច ចៀសជាងឱ្យគាត់ទិញថ្នាំ ឬក៏វ៉ែនតាមកប្រើ គឺជាការខាតបង់ថវិកាឥតប្រយោជន៍ ជួនកាលទុកឱ្យជំងឺរបស់គាត់កាន់តែធ្ងន់ទៅៗ ដល់ពេលត្រូវព្យាបាល គឺហួសពេលមានន័យថាទោះបីជាយើងបកយើងព្យាបាលក៏នៅតែមើលមិនឃើញដែរព្រោះដោយសារគាត់ទុកជ្រុលពេលអីចឹងសូមបញ្ជាក់ថាវ៉ែនតា និងថ្នាំបន្តក់ ថ្នាំលេប មិនអាចជួយព្យាបាលជំងឺឡើងបាយ កន្ទុយថ្លែនបាននោះទេ៕