(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹង នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ពុំមានករណីចាប់ជំរិតមនុស្សដាក់ចូលឡាន នៅតំបន់ក្រុមហ៊ុន 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដូចអ្វីដែលបានចែកចាយនៅតាមបណ្ដាញសង្គម Facebook នោះទេ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គម លោកបានបញ្ជាឲ្យលោកវសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបន្ទាន់

ជាលទ្ធផលកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង បានចុះស្រាវជ្រាវ ក្នុងនោះបានអញ្ជើញឈ្មោះ វ៉ាន់ស៊ី ដាណែត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាម្ទាស់គណនីហ្វេសប៊ុកឈ្មោះ ភគវតី សិរីចក្រពត្កិ បានបំភ្លឺថា ខ្លួនបានព័ត៌មានខាងលើនេះពីគណនីហ្វេសប៊ុកឈ្មោះ ផ្កាព្រៃស្រទាប់មាស ដោយខ្លួនពុំដឹងហេតុការណ៍នេះទេ ក្នុងនោះខ្លួនក៏បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនហើយបង្ហោះទៅ។ ចំពោះម្ទាស់គណនីហ្វេបុកឈ្មោះ ផ្កាព្រៃស្រទាប់មាស ទាក់ទងពុំបាន។

ករណីនេះ សមត្ថកិច្ចចុះស្រាវជ្រាវក្នុងតំបន់ក្រុមហ៊ុន 7NG ឃើញថា ពុំមានករណីនេះកើតឡើងដូចគណនីហ្វេសប៊ុកទាំងពីរខាងលើបង្ហោះឡើយ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអរគុណសម្រាប់ការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋនូវព័ត៌មានពិត ដើម្បីសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។ ជៀសវាងការផ្តល់ព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕