(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ។

ជាមួយនឹងគម្រោងយាងទៅពិនិត្យព្រះរាជសុខភាពនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានចេញព្រះរាជសារមួយផ្ញើជូនជនរួមជាតិ អំពីការប្រគល់ភារកិច្ចប្រមុខរដ្ឋស្តីទីជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងព្រះរាជសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ព្រះករុណា បានមានព្រះបន្ទូលថា៖ «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»

តាមរយៈព្រះរាជសារនេះ ព្រះមហាក្សត្រ ក៏បានថ្វាយព្រះពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូម បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។

ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើងនៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ។

ប្រទេសទាំងពីរ គឺជាមិត្តដ៏រឹងមាំមិនអាចបំបែកបាន ដែលទំនាក់ទំនងដ៏ស្អិតរមួតនេះ ត្រូវបានបង្កើតឡើងដោយ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ខណៈដែលទំនាក់ទំនងនេះ ត្រូវបានពូនជ្រំជាបន្តបន្ទាប់ និងកាន់តែខ្លាំងក្លាឡើងដោយរាជរដ្ឋាភិបាលប្រទេសទាំងពីរ រហូតដល់ក្លាយជាមិត្តដែកថែប នាពេលបច្ចុប្បន្ន៕