(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានថ្លែងឲ្យដឹងថា ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងដំណើរបំពេញទស្សកិច្ច រយៈពេល៣ថ្ងៃនៅប្រទេសចិន, លោកប្រធានាធិបតីបានបង្ហាញនូវគំនិតផ្តួចផ្តើម ក្នុងការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្ម នៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្ករនៅភាគពាយ័ព្យរបស់កម្ពុជា។

លោកបន្តថា ផ្តើមចេញពីគំនិតផ្តួចផ្តើមនេះ សម្តេចតេជោបានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា គ្រប់ដណ្តប់លើខេត្តចំនួន៤ ស្ថិតនៅទិសពាយ័ព្យរួមមាន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងប៉ៃលិន។

លោករដ្ឋមន្ត្រីបន្តថា ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា នឹងផ្តោតលើការផលិត និងកែច្នៃផលិតផលកសិកម្ម កាន់តែទំនើប និងមានប្រសិទ្ធភាព។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈនេះ លោក សុខ ចិន្តាសោភា បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងធ្វើការអភិវឌ្ឍន៍វិស័យកសិកម្ម វារីវប្បកម្ម តាមបែបទំនើប យើងដល់ពេលមួយ ដែលកាលពីមុននោះ យើងធ្វើកសិកម្មរបៀបគ្រួសារ [...] ខេត្តទាំងនោះសុទ្ធតែមានសក្តានុពលទាំងអស់ ប៉ុន្តែយើងចង់ធ្វើយ៉ាងណា ឲ្យវាទំនើប ឲ្យវាមានប្រសិទ្ធភាព ដើម្បីមានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ធ្វើយ៉ាងណាផលិតផលរបស់យើងល្អជាងគេ ហើយតម្លៃសមរម្យ ដូច្នេះវារីវប្បកម្មនៅទីនោះ ការធ្វើវិស័យកសិកម្មមួយចំនួន នឹងទទួលបានការលើកកម្ពស់មួយកម្រិតទៀតផ្នែកបច្ចេកទេស»

លោកបន្តថា «ប៉ូលសេដ្ឋកិច្ចទី៤ របស់យើងបច្ចុប្បន្ននេះ មានការនាំចេញអ្វីទាំងអស់ ប៉ុន្តែយើងចង់ធ្វើឲ្យវាកាន់តែទំនើប និងមានភាពប្រកួតប្រជែងជាងបច្ចុប្បន្ននេះ។ ដោយតំបន់នោះនឹងមានការបង្កើត នូវរោងចក្រកែច្នៃផលិតផលកសិកម្ម កាន់តែទំនើប និងមានប្រសិទ្ធភាព»

សូមជម្រាបថា ក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅកាន់​អ្នក​វិនិយោគទាំងកម្ពុជា និងចិន ឱ្យពិនិត្យលទ្ធភាពវិនិយោគនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភាគពាយ័ព្យប្រទេសនេះ។

សម្តេចបញ្ជាក់ថា នៅតាមបណ្តាខេត្តទាំងនេះ ទទួលបានការវិនិយោគ​ជាច្រើនរួចទៅហើយ ដូចជាវារីអគ្គិសនីនៅខេត្តពោធិ៍សាត់ ការសាងសង់ប្រព័ន្ធធារា​សាស្ត្រ និងការសាងសង់បណ្តាញផ្លូវ មានដូចជាផ្លូវជាតិលេខ៥៥ និង៥៧ជាដើម។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ការវិនិយោគនៅប៉ូលសេដ្ឋកិច្ចទី៤នេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ៕