(ភ្នំពេញ)៖ លោក ​អ៊ាង ស៊ី​ផាន​ អភិបាល​ខណ្ឌ​ច្បារអំពៅ ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ​របស់​សាលា​ខណ្ឌ​ និង​អាជ្ញាធរ​សង្កាត់​ព្រែក​ថ្មី​ ចុះ​ទៅ​ហាមឃាត់​សកម្មភាព​កម្មករ​សំណង់​ជីក​ដី ធ្វើរបងដីរបស់ដីនៅជាប់ផ្លូវព័ទ្ធរំលោភ​ យក​ដីផ្លូវសាធារណៈដោយ​បំពានធ្វើអោយ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ និង​អ្នកដំណើរ​ដទៃ​ទៀត​ ដែល​កំពុង​ប្រើប្រាស់​ផ្លូវនេះ។

យោង​តាម​ប្រភព​ព័ត៌មាន​ពីលោក ​ស្រេង គឹម​ស្រ៊ន ប្រធាន​ការិយាល័យ​អន្តរ​វិស័យ​សាលាខណ្ឌ ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែ​មិថុនា ​ឆ្នាំ​២០១៦​កន្លងទៅនេះ​មន្ត្រីចម្រុះ​របស់​សាលា​ខណ្ឌ​ច្បារអំពៅ​ បាន​ទទួល​បញ្ជា​ពី​លោក ​អ៊ាង​ ​ស៊ី​​ផាន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ឲ្យ​ចុះ​ទៅផ្អាក​សកម្មភាព​ ក្រុម​ជាង​សំណង់​ ដែល​កំពុង​ជីក​រណ្ដៅ​ដាំបង្គោលរបងព្រំដី លើ​ដីផ្លូវសាធារណៈ​ ស្ថិតនៅ​ជាប់​របង​ខាងកើត​វត្ត​គល់​ទទឹង ​សង្កាត់​ព្រែក​ថ្មី​​ ខណ្ឌ​ច្បារអំពៅ​ ដោយ​បំពាន​ច្បាប់​ទាំងស្រុង។

លោក​ប្រធាន​ការិយាល័យ​បាន​បន្ត​ថា​ ពេល​កម្លាំង​ចម្រុះ​ចុះ​មក​ដល់​គឺ​បាន​ឃើញ​ក្រុម​កម្មករ​សំណង់​កំពុង​ធ្វើ​សកម្មភាព​ជីក​រណ្តៅ​លើ​ផ្លូវ​សាធារណៈ ​ដែល​ផ្លូវ​នេះ​មាន​ទទឹង​១៥​ម៉ែត្រ​ ហើយ​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​កសិផល​ចេញពី​ចម្ការ​ដើម្បី​យក​ទៅ​លក់​នៅ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ។

លោក ស្រេង គឹម​ស្រ៊ន បាន​បន្តទៀតថា​ក្រុម​ចម្រុះ​ដែល​ចុះ​មក​ផ្អាក​សកម្មភាព​ជីករណ្តៅ​លើដីផ្លូវ​សាធារណៈ​នេះ​គឺ​ដឹកនាំ​ដោយ​លោក​ប៊ូ វ​ឌ្ឍ​នា នាយករង​រដ្ឋបាល​សាលាខណ្ឌ​ច្បារ​អំពៅដែលបានទទួល​បញ្ជាពី​លោក​អភិបាលខណ្ឌ​ឲ្យ​ចុះមក​ផ្អាក​សកម្មភាព​ជីក​រំលោភ​លើ​ផ្លូវ​សាធារណៈ​ទាំង​កំរោល​និងបំពាន​ច្បាប់​ទាំងស្រុង​ ហើយ​អ្នក​នៅ​ពីក្រោយ​រឿង​រំលោភ​យក​ផ្លូវ​សាធារណៈ​នេះគឺ​ត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់​ដោយ​​ពុំអត់​ឱន​ឲ្យ​បានឡើយ​។​

លោក​ប្រធានការិយាល័យ​បាន​បន្តថា ​ផ្លូវ​នេះ​ត្រូវបាន​លោក​អភិបាលខណ្ឌ​ទទួលស្គាល់ថា​ជា​ផ្លូវ​មាន​សារ​សំខាន់បំផុត​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ងាយស្រួល​ព្រោះ​មាន​ទទឹង​ដល់​ទៅ​១៥​ម៉ែត្រ​ ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សម្រាប់ឲ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​មាន​សុវត្ថិភាព​នៅពេល​យប់​។​

ក្នុង​ប្រតិបត្តិ​ការណ៍​ចុះទប់ស្កាត់សកម្មភាព​ជីក​រំលោភ​យក​ផ្លូវ​សាធារណៈ​នេះ​ ក្រុម​ចម្រុះ​បាន​ដកហូត​ចបកាប់​ចំនួន​៥​ និង​ប៉ែល​ចំនួន១​យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​ដើម្បី​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់​បន្តទៀត។ តាម​ការស្រាវជ្រាវ​របស់​អាជ្ញាធរ​គឺ​អ្នក​ដែល​បញ្ជា​​ឲ្យ​កម្មករ​ជីក​រំលោភ​យកដី​ផ្លូវ​សាធារណៈ​នេះ​គឺមាន​ឈ្មោះ​ជុំ ​ភិ​រុណ ជាមន្ត្រីនគរបាលមានឋានៈ​វរសេនីយ៍ទោ​បម្រើ​ការ​ងារនៅ​នាយកដ្ឋាន​អង្គរក្ស​ក្រសួងមហាផ្ទៃ​។​

ពាក់ព័ន្ធព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ ភ្នាក់ងារfresh news មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីភាគីលោកជុំ ភិរុណ បានឡើយ ព្រោះមិនមានលេខទូរស័ព្ឌសំរាប់ធ្វើការទាក់ទង។

ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកធ្វើ​ដំណើរ ដែល​ប្រើប្រាស់​ផ្លូវ​ខាង​លើ​នេះ​បាន​សម្តែង​ការ​អរគុណ​ដល់​លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​ដែល​បាន​បញ្ជា​​ឲ្យ​បញ្ឈប់​សកម្មភាព​រំលោភ​លើ​ផ្លូវ​សាធារណៈ​ខាងលើនេះ។

គួរ​បញ្ជាក់ថា​ផ្លូវ​នេះ​គឺ​បានមក​ពី​ការ​អំពាវនាវ​ដ៏​ទទូច​ពី​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​និង​ គណៈ​ពង្រឹង​ប្រចាំ​ខណ្ឌ​ដែល​ចង់​ឲ្យ​មាន​ផ្លូវធំ​ខ្វាត់ខ្វែង​ក្នុង​មូលដ្ឋាន​ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ៕