(រតនគិរី)៖ កម្លាំងអាវុធហត្ថ៧៨១ ប្រចាំនៅក្រុងបានលុង ខេត្តរតនគិរី នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានស្ទាក់ចាប់រថយន្តដឹកឈើមួយគ្រឿង ខណៈកំពុងលោតឆ័ត្រតាមផ្លូវជាតិចាស់ មានទិសដៅចូលក្រុងបានលុង មុនឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលនេះបង្ហាញឲ្យឃើញថា ការលួចដឹកជញ្ជូនឈើទៅកាន់ក្រៅប្រទេសនៅតែមាន បើទោះបីជាមានការទប់ស្កាត់ យ៉ាងណាក៏​ដោយ​នោះ។

មន្រ្តីអាវុធហត្ថស្នាក់ការ៧៨១ ប្រាប់ឲ្យដឹងថា រថយន្តដឹកឈើនេះ ម៉ាកបាឡែនពាក់ស្លាកលេខភ្នំពេញ 2X-1365 ផ្ទុកឈើប្រណិតពេញ ហើយក្នុងរថយន្តដឹកបទល្មើសនោះ ឆែកឃើញស្លាកលេខ​រថ​យន្ត​មួយទៀត គឺភ្នំពេញ 2Z-6061។ បច្ចុប្បន្ន រថយន្តដឹកបទល្មើស ដឹកឈើប្រណិតខាងលើនេះត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការ៧៨១ បញ្ជូនទៅ​ផ្នែករដ្ឋបាលព្រៃឈើលំផាត់​ ដើម្បីស្វែងរកម្ចាស់​ឈើ​មកធ្វើការ​ពិន័យតាមច្បាប់។ ដោយឡែក តាមសេចក្តីរាយការណ៍មួយលួចបង្ហើបថា ឈើប្រណិតខាងលើ ត្រូវបានក្រុមឈ្មួញនៅ​ក្រុងបានលុង ទៅទិញពីថៅកែ​ម្នាក់មានឈ្មោះ សេក ភូ ល្បីល្បាញ​ខាងរក​ស៊ី​ឈើជាច្រើនឆ្នាំមកហើយ នៅតំបន់ឃុំស្រែគរ ស្រែសាមី ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ប្រភពពត៌មានដដែលខាងលើនេះប្រាប់បន្តទៀតថា ការស្ទាក់ចាប់រថយន្តដឹកឈើប្រណិតនេះ ដោយសារតែ​ឈ្មួញបានដឹកហួស​ស្នាក់ការ៧៨១ ដែលជាកន្លែងសំរាប់ប្រមូលទិញឈើ មកស្តុកទុកពោលគឺយកស្នាក់ការប៉េអឹម ជាឃ្លាំងឈើសំរាប់លក់ឲ្យឈ្មួញវៀតណាម។ 

ទាក់ទិនទៅនឹងក្រុមឈ្មួញដឹកឈើប្រណិតមកស្តុកទុកនៅស្នាក់៧៨១ខាងលើនេះ អង្គភាព Fresh News មិនអាចសុំការ​បំភ្លឺពីលោក គឹម ហ៊ួរ ប្រធានអង្គភាព បានទេនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦៕