(ភ្នំពេញ)៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ៤នាក់ និងថៃ ៤នាក់ដូចគ្នា បានត្រៀមខ្លួនជាស្រេច នៅក្នុងការអង្រួនសង្វៀន PNN ដើម្បីដណ្ដើមពានអមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ ពីព្រឹត្តិការណ៍សមរភូមិអ្នកប្រយុទ្ធគោជល់ ឆ្នាំ២០១៦ ដែលគ្រោងនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី០៣ ខែកក្កដាចុងសប្ដាហ៍នេះតទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៩ មិថុនានេះលោក សំណព្វ ប្រធានផ្នែកកីឡានៃ ស្ថានីយទូរទស្សន៍ PNN បានបញ្ជាក់ថា កីឡាករជើងខ្លាំងទាំង ៨រូប ដែលត្រៀមធ្វើឲ្យកក្រើកសង្វៀន PNN ព្រែកព្នៅនាពេលឆាប់ៗខាងមុខនេះរួមមានកីឡាករ ឡុង សុវណ្ណឌឿន ក្លឹបសាលវ័ន្តកីឡា, ពេជ្រ សីហា ក្លឹបក្រសួងការ ពារជាតិ, សរ រាជសីហ៍ ក្លឹបមោងឬស្សីមរតកគុនខ្មែរ និងកីឡាករ ឡោះ តើក មកពីក្លឹបពុទ្ធសេរីវង្សព្រែកតាទែន។

ដោយឡែកកីឡាករថៃ រួមមានកីឡាករ Chokdee Sor Thanapetch, Sumaee Sor Weerawan, Thilek Eminen Airnig និងកីឡាករ Inseedang Bangfarm Gym។ លោកបន្ដថា ការប្រកួតនេះបែងចែកជា ២ពូលក្នុង ១ពូលមាន ៤នាក់ ក្នុងនោះពូល A មានកីឡាករខ្មែរទាំង ៤នាក់ ហើយពូល B គឺកីឡាករថៃទាំង ៤នាក់។ ប៉ុន្ដែការប្រកួតអនុវត្តន៍តាមរូបមន្ដសន្សំពិន្ទុំចម្រុះពូល បន្ទាប់មកទើបយកកីឡាករមានពិន្ទុច្រើនជាងគេ ក្នុងពូលនីមួយៗ ធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រតែម្ដង។

លោក សំណព្វ បន្តថា ព្រឹត្តិការណ៍សមរភូមិអ្នកប្រយុទ្ធគោជល់លើកនេះ នឹងផ្ដល់ជូននូវទស្សនីយភាពកាន់តែប្លែក និងអស្ចារ្យជាងមុន ជាមួយនឹងកីឡាករទាំង ៨រូប ដែលសុទ្ធតែជាអ្នកមានសមត្ថភាព។ ប៉ុន្ដែការប្រកួតនេះដែរ កីឡាករម្នាក់ៗចាំបាច់ ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព ទោះបីដឹងខ្លួនមានពិន្ទុខ្ពស់ជាងគេក៏ដោយ។ ករណីរកឃើញកីឡាករណាម្នាក់ ប្រកួតមានភាពមិនប្រក្រតី ឬលក់ឧត្តមគតិនោះ គណៈកម្មការនឹងបញ្ឈប់កីឡាករនោះភ្លាម ហើយមិនអនុញ្ញាតឲ្យប្រកួតលើសង្វៀន PNN ទៀតឡើយ។

ជាមួយគ្នានោះលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះស្ថានីយទូរទស្សន៍ PNN ដែលផ្ដួចផ្ដើមគំនិតបង្កើតព្រឹត្តិការណ៍នេះ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករកម្ពុជា បានបញ្ចេញសមត្ថភាព ក៏ដូចជាបម្រើអារម្មណ៍ទស្សនិកជន តាមរយៈការនាំមកជាមួយនូវកីឡាករថៃ ដែលសមត្ថភាព ប្រហាក់ប្រហែលគ្នា ដើម្បីប្រជែងប្រជែងលើសង្វៀន។

លើសពីនេះលោក តែម ម៉ឺន ក៏បានដាស់តឿនឲ្យកីឡាករម្នាក់ ត្រូវប្រកួតឲ្យអស់ពីសមត្ថភាព និងគោរពក្រមសីលធម៌ ប្រកួតឲ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងការខិតខំរបស់អ្នករៀបចំ ក៏ដូចជាក្រុមហ៊ុនឧបត្ថម្ភផងដែរ។ ម្យ៉ាងវិញទៀត នេះក៏ជាការឱកាសល្អ ដែលរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់កម្ពុជា ឲ្យកាន់តែរឹងមាំ ដើម្បីធ្វើដំណើរឆ្ពោះទៅ កីឡា SEA Games ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៀតផង។

គួរបញ្ជាក់ថា ការប្រកួតនេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យ និងមានរយៈពេល ១២សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី០៣ ខែកក្កដានេះតទៅ នៅលើសង្វៀន PNN ព្រែកព្នៅ។ ចំពោះកីឡាករដណ្ដើមបានជ័យលាភីលេខ១ នឹងទទួលបានពាន ១គ្រឿង អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ ឬ ២០លានរៀល រីឯចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ ១០លានរៀល ប៉ុន្ដែមិនមានចំណាត់ថ្នាក់លេខ៣ នោះទេ៕