(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុង «សិក្ខាសាលា វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» ដែលបានរៀបចំឡើងដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសណ្ឋាគារ Hyatt Regency Phnom Penh តាមទម្រង់ Hybrid។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន សរុបប្រមាណ ៤០០ នាក់។

សិក្ខាសាលាខាងលើមានគោលបំណង៖ ១) តាមដាន និងបូកសរុបសមិទ្ធផលការងារការទូតសេដ្ឋកិច្ចប្រចាំឆ្នាំ២០២២ និង២) ប្រមូលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង និងជាមួយវិស័យឯកជន ក្នុងវិស័យការទូតសេដ្ឋកិច្ច។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់លើការរៀបចំសិក្ខាសាលា នាពេលនេះ និងបានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ដែលសម្រេចបានសមិទ្ធផលធំៗនាពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច និងបានជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។ ក្នុងនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដើម្បីសម្រួចការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៣ និងទិសដៅបន្ត។
កម្មវិធីនេះមានការធ្វើបទបង្ហាញស្តីពី ១.សមិទ្ធផលធំៗដែលក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច និងស្ថានតំណាងកម្ពុជានៅបរទេសសម្រេចបានក្នុងឆ្នាំ២០២២, ២. ផែនការអភិវឌ្ឍន៍ធនធានមន្រ្តីការទូតក្នុងវិស័យការទូតសេដ្ឋកិច្ច របស់វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ និង ៣. ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម៕