(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីល្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលស្របតាមទិសស្លោក អភិវឌ្ឍស្ថាប័ន ឱ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកបដោយសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីធ្វើជាភ្នែក ជាត្រចៀក របស់រាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋ ការពារសុវត្ថិភាព សាធារណៈ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និងប្រជាពលរដ្ឋ ពង្រឹងតម្លាភាព អភិបាលកិច្ចល្អ និងលើកកម្ពស់នីតិរដ្ឋ។

ការថ្លែងបែបនេះរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលសន្និបាត របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងមន្ទីររាជធានី-ខេត្ត និងវិទ្យាស្ថានជាតិអធិការកិច្ច ដែលបានខិតខំយកចិត្តទុក្ខដាក់បំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលគួរជាទីមោទនៈ តាមរយៈការបំពេញការងារយ៉ាងសកម្ម នៅគ្រប់មុខសញ្ញាដោយបានចុះបំពេញបេសកកម្មជាច្រើន ជាពិសេសការចុះធ្វើអធិការកិច្ច ការតាមដានការអនុវត្តច្បាប់ ការទទួល និងដោះស្រាយបណ្តឹង ការផ្សព្វផ្សាយច្បាប់ និងការបណ្តុះបណ្តាលជំនាញអធិការកិច្ច ដោយវិទ្យាស្ថានជាតិអធិការកិច្ច។

លោកស្រីបណ្ឌិត បានគូសបញ្ជាក់ថា៖ «អង្គសន្និបាតពេញមួយថ្ងៃនេះ ក៏បានទទួលនូវធាតុចូលមួយចំនួន ក្នុងការពង្រឹង និងអភិវឌ្ឍន៍ស្ថាប័ន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលស្របតាមទិសស្លោក (អភិវឌ្ឍស្ថាប័នឱ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកបដោយសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីធ្វើជាភ្នែក ជាត្រចៀក របស់រាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋ ការពារសុវត្ថិភាព សាធារណៈ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និងប្រជាពលរដ្ឋ ពង្រឹងតម្លាភាព អភិបាលកិច្ចល្អ និងលើកកម្ពស់នីតិរដ្ឋ)»។ 

បន្ថែមពីនេះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា ជាពិសេសត្រូវបំពេញការងារ ដោយយកលិខិតបទដ្ឋានគតិយុត្តិជាគោលក្នុងការផ្សព្វផ្សាយច្បាប់ជូនប្រជាពលរដ្ឋ ធ្វើអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងដោះស្រាយបណ្តឹង ដើម្បីសម្រេចលទ្ធផល ដែលបានកំណត់ក្នុងផែនការ យុទ្ធសាស្ត្ររបស់ក្រសួងក្នុងគោលដៅទប់ស្កាត់បាតុភាពអសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបម្រើប្រជាពលរដ្ឋ និងបង្កើនជំនឿជឿជាក់មកលើរាជរដ្ឋាភិបាល៕