(អ៊ីតាលី)៖ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលបម្រុងរបស់កម្ពុជា ប្រចាំមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development) ឬហៅកាត់ថា IFAD បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៤៦ របស់ IFAD ប្រចាំឆ្នាំ២០២៣ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និង ចុះហត្ថលេខាជាមួយឯកឧត្តម Alvaro Lario ប្រធាន IFAD លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade - ASPIRE-AT) ដែលមានទឹកប្រាក់សរុបចំនួន ១៩៤ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពី IFAD ចំនួន ៤៧.៩ លានដុល្លារអាមេរិក។

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ខាងលើនេះ មានគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាមរយៈការលើកកម្ពស់ភាពធន់ ទៅនឹងអាកាសធាតុ និងការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ កម្មវិធីនេះ មានវិសាលភាពគ្របដណ្ដប់ទូទាំងប្រទេស ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោលដៅចំនួន០៦ ដែលរួមមាន៖ (១).បន្លែ, (២).មាន់, (៣).ដំឡូងមី, (៤).គ្រាប់ស្វាយចន្ទី, (៥).ផ្លែឈើស្រស់ និង (៦).ផ្លែឈើដែលបានកែច្នៃរួច។

ចំពោះកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៤៦ របស់ IFAD ប្រចាំឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការពន្លឿនសកម្មភាពសម្រាប់សន្តិសុខស្បៀង»។ ជុំវិញប្រធានបទនេះ អង្គប្រជុំ គ្រោងនឹងពិភាក្សាអំពីបរិការណ៍នៃសេដ្ឋកិច្ចសាកលបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩, ហានិភ័យនៃកង្វះសន្តិសុខស្បៀង, ការជំរុញកិច្ចអន្តរាគមន៍ និងការវិនិយោគលើការលើកកម្ពស់ប្រព័ន្ធសន្តិសុខស្បៀង។ អង្គប្រជុំ ក៏នឹងពិភាក្សាផងដែរ លើការសម្របខ្លួនទៅនឹងប្រែប្រួលអាកាសធាតុ (Climate Change Adaptation) និងការសម្រាលផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ (Climate Change Mitigation) ព្រមទាំងការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Climate Resilience)។

លោក វង្សី វិស្សុត គ្រោងនឹងគូសបញ្ជាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលរបស់ IFAD អំពីជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃហិរញ្ញប្បទានសហប្រតិបត្តិការកន្លងមករបស់ស្ថាប័ននេះ និងក៏ដូចជាទស្សនៈរបស់កម្ពុជាអំពីទិសដៅការងារជាយុទ្ធសាស្ត្រដែល IFAD ត្រូវប្រកាន់យកសម្រាប់រយៈពេលខ្លី និងមធ្យមទៅមុខ។ ជាមួយគ្នានេះ លោកក៏នឹងប្រកាសអំពីការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្កើនវិភាគទានរបស់កម្ពុជា ក្នុងការបំពេញឡើងវិញនូវប្រភពធនធានហិរញ្ញប្បទានលើកទី១៣ របស់ IFAD (Thirteen Replenishment of IFAD Resources) ផងដែរ។

ក្រៅពីចូលរួមកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាទេសាភិបាលលើកទី៤៦ របស់ IFAD លោក វង្សី វិស្សុត ក៏គ្រោងនឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបជាមួយលោក អាល់វ៉ារូ ឡារីអូ (Alvaro Lario) ប្រធាន IFAD ដើម្បីពិភាក្សាទិសដៅការងារជាយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា និង IFAD ផងដែរ៕