(ភ្នំពេញ)៖ តំណាងរបស់អង្គការសហប្រជាជាតិ សន្យាជួយជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ហើយគាំទ្រកម្ពុជា ក្នុងការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច។

ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN Resident Coordinator in Cambodia) ទើបតែងតាំងថ្មី នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនោះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី Alissar Chaker ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), លោក សុខ ណារិន ប្រធានតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO), លោក Antonio Schiavone អនុប្រធានតំណាងអង្គការស្បៀងអាហារនិងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ និងសហការី។

ក្នុងជំនួបនោះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្ដែងការអបអរ និងស្វាគមន៍យ៉ាងកក់ ក្តៅ ចំពោះលោក Joseph Scheuer ក្នុងការទទួលបានការតែងតាំងជាអ្នកសម្រប សម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងភាពជាដៃគូដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ នាពេលកន្លងមក។ លោករដ្ឋមន្ត្រីរំពឹងថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនេះ នឹងត្រូវបានពង្រឹងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីរួមចំណែកក្នុងរបៀបវារៈអភិវឌ្ឍន៍ របស់កម្ពុជា។

លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូការិយាល័យសម្របសម្រួលអង្គការសហ ប្រជាជាតិថា ទន្ទឹមនឹងការខិតខំប្រើប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងខិតខំជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបន្ថែមទៀត សំដៅធ្វើយ៉ាងណាអាចបំពេញតាមលក្ខណៈវិនិច្ឆ័យនៅក្នុងការត្រួតពិនិត្យរយៈពេលបីឆ្នាំលើកទីពីរក្នុងឆ្នាំ២០២៤។

ក្នុងនោះ រាជរដ្ឋាភិបាល រួមទាំងក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការ យ៉ាងជិតស្និទ្ធជាមួយការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការរៀបចំនិងអនុវត្តយុទ្ធសាស្រ្ត និងផែនការការងារលម្អិតសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច សំដៅធានាបាននូវការចាកចេញដោយរលូន និងប្រកបដោយជោគជ័យ។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពសំខាន់ៗទៀតក្នុងវិស័យពាណិជ្ជកម្ម រួមមាន ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដើម្បីបង្កើននូវ ភាពធន់រឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងកិច្ចខិតខំប្រឹងប្រែងពិនិត្យលទ្ធភាព និងរៀបចំចុះ បញ្ជីជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ចំពោះទំនិញក្នុងវិស័យជលផលមួយចំនួន រួមមាន ត្រីប្រហុកសៀមរាបជាដើម។

លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណចំពោះ អង្គការ UNIDO ដែលបានបន្តគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសសម្រាប់ការការសិក្សាពីសមិទ្ធិលទ្ធភាពនៃការចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្ត្រសម្រាប់ទំនិញទាំងនេះផងដែរ។

លោក Joseph Scheuer បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយចំពោះ ការស្វាគមន៍យ៉ាងកក់ក្ដៅរបស់លោករដ្ឋមន្ត្រី និងការចំណាយពេលវេលាដ៏មមាញឹក ទទួលជួបគណៈប្រតិភូអង្គការសហប្រជាជាតិនាពេលនេះ។

លោក Joseph Scheuer បានគូសបញ្ជាក់ពីការបន្តគាំទ្រកម្ពុជា ក្នុងដំណើរការត្រៀម រៀបចំចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសការបន្តជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដោយផ្តោតសំខាន់លើការចូលរួមរបស់សហគ្រាសមីក្រូ តូច និងមធ្យម និងការចូលរួមរបស់សហគ្រិនជាស្រ្តី និងការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើតនូវថ្នាលឌីជីថលភាវូបនីយកម្ម។

លោក Joseph Scheuer បានគូសបញ្ជាក់អំពីទិសដៅការងារអាទិភាពសំខាន់ៗមួយ ចំនួន។ ការងារទាំងនោះ រួមមានការរៀបចំក្របខ័ណ្ឌសហប្រតិបត្តិការថ្មីឆ្នាំ ២០២៤-២០២៨ រវាងការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិ និងរាជរដ្ឋា ភិបាល សំដៅគាំទ្រដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តនូវរាល់យុទ្ធសាស្រ្ត និង គោលនយោបាយរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយផ្តោត សំខាន់លើភាពស្របគ្នាជាមួយយុទ្ធសាស្រ្ត និងរបៀបវារៈអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងការកៀរគរការចូលរួមរបស់វិស័យឯកជនសំខាន់ៗ ក្នុងការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)។

ភាគីទាំងពីរបានបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការអនុវត្ត នូវគំនិតផ្តួចផ្តើម គម្រោង និងកម្មវិធីថ្មីៗដែលមានស្រាប់នានា សំដៅអាចសម្រេចបាននូវ របៀបវារៈអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕